ក្រុង​កាត់​ថ្មាន់​ឌូៈ​ ប៉ូលិស​នេប៉ាល់ ​បាន​និយាយ​ថា ​បុរស ​៤ ​នាក់ ​បាន​ស្លាប់ ​និង ​៧ ​នាក់​ រង​របួស​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក ​៣ កន្លែង​ដាច់​ដោយ​ឡែក ​ពី​គ្នា​នៅ​ក្នុង​ក្រុង​កាត់​ថ្មាន់ឌូ ​កាល​ពី​ថ្ងៃ​អាទិត្យ​។

ភ្លាមៗ​នោះ ​គ្មាន​ការ​អះអាង​ទទួល​ខុស​ត្រូវ​ទេ ​ប៉ុន្តែ​ប៉ូលិស​បាន​និយាយ​ថា ​ពួក​គេ​ បាន​សង្ស័យ​ថា ​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ក្រុម​បំបែក​ខ្លួន​ម៉ៅ​និយម​ដែល​ខិត្ត​ប័ណ្ណ​ជា​ច្រើន​សន្លឹក​របស់​ពួក​គេ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ផ្ទះ​មួយ​ខ្នង​ ជា​ទី​ដែល​គ្រាប់​បែក​មួយ​គ្រាប់​បាន​ផ្ទុះ​ឡើង​នោះ​។

ផ្ទុះ​គ្រាប់​បែក​ដ៏​ខ្លាំងក្លា​មួយ​នៅ​ក្នុង​ហាង​មួយ​ បាន​បង្ក​ឲ្យ​មនុស្ស ​៣ ​នាក់ ​ស្លាប់ ​និង ​៤ ​នាក់​ផ្សេង​ទៀត​ ​រង​របួស​ ខណៈ​ដែល​គ្រាប់​បែក​ផ្ទុះ​នៅ​ផ្ទះ​មួយ​ទៀត​ប្រហែល ​៤ ​គីឡូ​ម៉ែត្រ ​ពី​ទីនោះ ​បាន​បណ្តាល​​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ​និង​ម្នាក់​រង​របួស​។

មនុស្ស ​២ ​នាក់​ទៀត ​រង​​របួស​នៅ​ពេល​គ្រាប់​បែក​មួយ​គ្រាប់​ទៀត​ ដែល​ដឹក​តាម​ម៉ូតូ​មួយ​គ្រឿង​នៅ​ជាយ​ក្រុង​កាត់ថ្មាន់ឌូ​បាន​ផ្ទុះ​ឡើង។

កង​កម្លាំង​សន្តិសុខ ​ក៏​បាន​បំផ្ទុះ​គ្រឿង​ផ្ទុះ​នៅ​ក្នុង​តំបន់​ផ្សេងៗ​ទៀត​ដែរ​។ ​

អ្នក​នាំពាក្យ​ប៉ូលិស ​លោក Bishwa Raj Pokharel ​បាន​ថ្លែង​ប្រាប់​ AFP ថា៖​ «​យើង​កំពុង​ស៊ើប​អង្កេត​លើ​ការ​ផ្ទុះ​គ្រាប់​បែក​ទាំង​នោះ ​និង​​​រឹត​បន្តឹង​សន្តិសុខ៕ AFP/PSA