ក្រុងយ៉ាំងហ្គោនៈ ប៉ូលិសប្រឆាំងកុបកម្ម បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុនៃការប៉ះទង្គិចគ្នានៅឯរោងចក្រកាត់ដេរសម្លៀកបំពាក់មួយនៅមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ ក្រោយពីកម្មករដែលធ្វើការតវ៉ា និយាយថា មនុស្សរាប់សិបនាក់បានរងរបួសនៅពេលពួកគេត្រូវរងការវាយប្រហារក្រុមមនុស្សស៊ីឈ្នួលប្រព្រឹត្តអំពើឃាតកម្មនោះ។
ភាគច្រើន កម្មការិនី បានចាប់ផ្តើមធ្វើការតវ៉ាប្រឆាំងរោងចក្រកាត់ដេរសម្លៀកបំពាក់ Fu Yuen Garment Co Ltd កាន់កាប់ដោយចិននៅក្នុង ក្រុងយ៉ាំងហ្គោនជិត ២ ខែកន្លងទៅហើយជុំវិញលក្ខខណ្ឌការងារមិនល្អ និងការមិនយកចិត្តដល់កម្មករទាំងអស់ នៅក្នុងប្រទេសមួយ ដែលបានក្លាយជាមជ្ឈមណ្ឌលចុងក្រោយសម្រាប់សម្លៀកបំពាក់មានថ្លៃដើមទាបនៅក្នុងតំបន់អាស៊ី។
ខណៈភាគច្រើននៃការទាមទាររបស់ក្រុមអ្នកតវ៉ាត្រូវបានដោះស្រាយ ម្ចាស់រោងចក្របាន បដិសេធមិនជួលកម្មករ ៣០ នាក់ដែលពីដំបូងបានបង្កឲ្យមានកូដកម្មដោយបានជំរុញឲ្យផ្ទុះកំហឹងចេញពីក្រុមកម្មករដែលបានបន្តបោះជំរំនៅខាងច្រកចូលរោងចក្រដើម្បីតវ៉ា។
ប៉ុន្តែក្រោយពី ៨ សប្តាហ៍ ម្នាក់ក្នុងចំណោមមេដឹកនាំតវ៉ាឈ្មោះ Than Than Soe បានប្រាប់ AFP ថា ជនអន្ធពាលប្រហែល ៤០ នាក់ បានវាយប្រហារលើពួកគេកាលពីព្រឹកថ្ងៃចន្ទ។
អ្នកស្រីSoe បាននិយាយថា៖ «ក្រុមអន្ធពាលទាំងនោះ បានមក ហើយចាប់ផ្តើមវាយដំពួកយើងដោយដំបងឈើនិងចម្រឹងដែក» ដោយបន្ថែមទៀតថា មនុស្ស ២៨ នាក់បានរងរបួសនិង ៦ នាក់ធ្ងន់»៕