ក្រុងបេរូតៈ ក្រុមឃ្លាំមើលសិទ្ធិមនុស្សបានថ្លែងថា ក្រុមជនសកម្មប្រយុទ្ធជីហាដ បានបើកការវាយប្រហារបកទៅលើទីតាំងឈរជើងរបស់កងកម្លាំងរបបស៊ីរី នៅភាគពាយព្យនៃប្រទេសនេះ កាលពីថ្ងៃអង្គារ ដោយបានបង្កឲ្យយុទ្ធជនគាំទ្ររដ្ឋាភិបាល ២៦ នាក់ និងជនជីហាដ ១៨ នាក់ស្លាប់។
តំបន់ខេត្តអ៊ីដលីបដែលគ្រប់គ្រងដោយក្រុមជីហាដនោះ តាមធម្មតា ត្រូវបានការពារដោយកិច្ចព្រមព្រៀងតំបន់ទ្រនាប់មួយ ប៉ុន្តែរបបស៊ីរី និងសម្ព័ន្ធមិត្តរុស្ស៊ីរបស់ខ្លួន បានបង្កើនការវាយប្រហាររបស់ពួកគេកាន់តែខ្លាំងឡើង នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយដណ្តើមកាន់កាប់ទីក្រុងមួយចំនួននៅព្រំដែនភាគខាងត្បូងរបស់ខ្លួន។
អតីតក្រុមអាល់កៃដា Hayat Tahrir al-Sham នៅស៊ីរី បានគ្រប់គ្រងខេត្តអ៊ីដលីប និងខេត្តអាឡិបប៉ូមួយផ្នែកធំទៀត មានដូចជាខេត្តហាម៉ា និងឡាតាគារជាដើម។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងទៀតថា កាលពីថ្ងៃអង្គារ ក្រុមជីហាដបានបើកការវាយប្រហារបកទ្រង់ទ្រាយធំទៅលើទីតាំងឈរជើងជាច្រើននៃកម្លាំងគាំទ្ររដ្ឋាភិបាលនៅទឹកដីភាគខាងត្បូង។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សមានមូលដ្ឋាននៅអង់គ្លេសបានថ្លែងថា ការប្រយុទ្ធគ្នានៅក្រុងកាហ្វណាប៊ូដានៅខេត្ត ហាម៉ាភាគខាងជើង បានបណ្តាលឲ្យក្រុមយុទ្ធជនគាំទ្ររដ្ឋាភិបាល ២៦ នាក់ និងក្រុមជីហាដ ១៨ នាក់ស្លាប់។
ជនជីហាដម្នាក់ និងកងកម្លាំងគាំទ្ររដ្ឋាភិបាល ៥ នាក់ស្លាប់ នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត៕ AFP/SK