ក្រុងបេរូត៖ ការប៉ះទង្គិចគ្នារវាងប៉ូលិស និងក្រុមអ្នកតវ៉ាលីបង់ បានធ្វើឲ្យភាគីទាំងសងខាងជាង ២២០ នាក់រងរបួស កាលពីថ្ងៃសៅរ៍ គឺស្ថិតនៅក្នុងចំនួនសរុបកម្រិតខ្ពស់បំផុត នៅក្នុងរយៈពេល ៣ ខែ នៃការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលប្រទេស លីបង់។
សំឡេងរថយន្តសង្គ្រោះបន្ទាន់បានលាន់ឮពាសពេញទីក្រុងបេរូត ខណៈកាកបាទក្រហមបានរាយការណ៍ថា មនុស្សរងរបួសចំនួន ៨០ នាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ និងជាង ១៤០ នាក់ផ្សេងទៀត ត្រូវបានគេព្យាបាលនៅកន្លែងធ្វើបាតុកម្ម។
ចលនាតវ៉ាបានធ្វើឲ្យរង្គោះរង្គើនៅប្រទេស លីបង់ ចាប់តាំងពីថ្ងៃទី ១៧ ខែតុលា បានផ្ទុះឡើងនៅសប្តាហ៍នេះ ដោយសារសម្ពាធវិបត្តិសេដ្ឋកិច្ចកើនឡើងយ៉ាងខ្លាំង ក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយនៅក្នុងប្រទេសមួយនេះ។
គ្មានសញ្ញាបង្ហាញឲ្យឃើញមានការរីកចម្រើនណាមួយ ត្រូវបានធ្វើឡើងឲ្យឈានទៅរកការបង្កើតគណៈរដ្ឋមន្ត្រីចុងក្រោយនោះទេ ដែលក្រុមអ្នកតវ៉ាបានទាមទារឲ្យបញ្ចូលក្រុមអ្នកជំនាញឯករាជ្យ និងក្រុមគណបក្សនយោបាយល្បីៗទាំងអស់ផងនោះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បាននិយាយថា ក្រោយពីមានការប៉ះទង្គិចគ្នាអស់រយៈពេលជាច្រើនម៉ោង ហើយអំពើហិង្សាបានថយកម្ដៅទៅវិញ ខណៈក្រុមបាតុករត្រូវបានបំបែក ចំណែកមនុស្សមួយចំនួនត្រូវបានចាប់ខ្លួននៅក្នុងការតវ៉ាហិង្សានៅទីនោះ។
អំពើហិង្សាបានចាប់ផ្តើមផ្ទុះឡើង ក្រោយពីក្រុមអ្នកតវ៉ារាប់សិបនាក់មានអ្នកខ្លះបានយកក្រមារុំមុខរបស់ពួកគេ ហើយបានគប់ដុំថ្ម និងថូផ្កាធំៗទៅលើប៉ូលិស ដែលឈរយាមនៅតាមផ្លូវទៅកាន់រដ្ឋសភា។
ក្រុមបាតុករផ្សេងទៀតបានវាយទៅលើប៉ូលិស ជាមួយស្លាកសញ្ញាចរាចរណ៍ និងរនាំងដែកថែមទៀតផង។
ក្រុមកងកម្លាំងសន្តិសុខឈរនៅពីក្រោយរនាំងការពារបានឆ្លើយតបវិញជាមួយកាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករទាំងនោះ។
អំពើហិង្សាបានបន្តផ្ទុះឡើងនៅពេលព្រលប់ ដោយក្រុមអ្នកតវ៉ាបានគប់ផាវទៅលើប៉ូលិសនៅតាមដងផ្លូវ។
ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់បាននិយាយថា ក្រុមបាតុករបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ នៅខាងមុខធនាគារនៅកណ្តាលទីក្រុងបេរូត ហើយទូរទស្សន៍បានបង្ហាញអំពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងតំបន់មិនស្គាល់មួយ នៅកន្លែងជំរំតវ៉ានៅក្នុងទីលានដ៏សំខាន់មួយកន្លែងនៅទីនោះ៕ AFP/SK