ក្រុង​ម៉ាឆាឈី៖ ​ក្រុម​ជនជាតិ​ដើម​ និង​កសិករ​បាន​ដង្ហែ​ក្បួន​ទៅ​កាន់​រដ្ឋធានី​អេក្វាទ័រ ​ដើម្បី​តវ៉ា​តម្លៃ​ប្រេង​ឡើង​ថ្លៃ​កាន់​តែ​ខ្លាំង​ឡើង​ ដោយ​បាន​​បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​កងកម្លាំង​សន្តិសុខ​កាល​ពី​ថ្ងៃ​ចន្ទ​ ខណៈ​ការ​កាន់​កាប់​នៅ​កន្លែង​ផលិត​ប្រេង​​ និង​លក់​ប្រេង​មួយ​ចំនួន​ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ផលិត​ប្រេង​ឆៅ​​នៅ​ក្នុង​ប្រទេស​នេះ​។​

ប៉ូលិស​ និង​យោធា​បង្ក្រាប​កុបកម្ម​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​ដើម្បី​បំបែក​ហ្វូង​បាតុករ​នៅ​ក្នុង​ទីក្រុង​ម៉ាឆាឈី​នៅ​ជាយ​​ក្រុង​គីតូ​។​

ក្រុម​អ្នក​តវ៉ា​បាន​ស្រែក​បិទ​ផ្លូវ​ជា​ច្រើន​កន្លែង​ជាមួយ​ការ​ដុត​កង់​ឡាន​ និង​ដាក់​របាំង​បិទ​ផ្លូវ​មួយ​ចំនួន​ផង​ដែរ។​

លោក​ Jaime ​Vargas ​ជា​មេ​ដឹកនាំ​អង្គការ​​សម្ព័ន្ធ​ជនជាតិ​ដើម​អេក្វាទ័រ ​(CONAIE) ​បាន​ថ្លែង​ថា​៖ «មនុស្ស​ជាង ​២ ​ម៉ឺន​នាក់ ​នឹង​មក​ដល់​ទីក្រុង​គីតូ​ក្នុង​ពេល​ឆាប់ៗ​នេះ​»​។​

សម្ព័ន្ធ​ជនជាតិ​ដើម​អេក្វាទ័រ ​(CONAIE) ​គឺ​ជា​អ្នក​គាំទ្រ​ដ៏​សំខាន់​កាល​ពី​ឆ្នាំ ​២០០០ ​ដែល​បាន​ទម្លាក់​ប្រធានាធិបតី​សម័យ​នោះ​ គឺ​លោក​ Jamil Mahuad ​ចេញ​ពី​តំណែង​ នៅ​អំឡុង​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នោះ​។​

ការ​ប៉ះ​ទង្គិច​ជា​ច្រើន​លើក​បាន​កើត​ឡើង​ ខណៈ​ក្រសួង​ថាមពល​​អេក្វាទ័រ​បាន​ប្រកាស​ថា ​សកម្មភាព​នានា​នៅ​អណ្តូង​ប្រេង ​៣ ​កន្លែង ​ត្រូវ​ពន្យារ​ពេល​ផលិតកម្ម​ប្រេង ​«​ដោយសារ​ក្រុម​បាតុករ​បាន​កាន់​កាប់​នៅ​កន្លែង​​ទាំង​នោះ៕ AFP/SK