ក្រុង​បាកាលី៖ ​ប្រទេស​អាស៊ែបៃហ្សង់​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា ​ខ្លួន​បាន​បំផ្លាញ​ជើង​ទម្រ​បាញ់​មីស៊ីល​អស់​ជា​ច្រើន​ នៅ​ក្នុង​ប្រទេស​អាមេនី​ ដែល​បាន​កំពុង​កំណត់​គោលដៅ​ទៅ​លើ​ទីក្រុង​មួយ​ចំនួន​របស់​ខ្លួន​ ដែល​ជា​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើង​បន្ថែម​ទៀត​ បាន​ទាញ​ឲ្យ​​ប្រទេស​មហា​អំណាច​ក្នុង​តំបន់​ខ្លះ​ ដូចជា​ ​រុស្ស៊ី​ និង​តួកគី ​ឲ្យ​ធ្លាក់​ចូល​ក្នុង​ជម្លោះ​នៅ​តំបន់​ណាហ្គូណូ​ និង​ការ៉ាបាក់ហ៍​។​

ប្រធានាធិបតី​រុស្ស៊ី​លោក ​វ៉្លាឌីមៀរ​ ពូទីន​ និង​មេ​ដឹកនាំ​តួកគី​ គឺ​លោក ​រ៉េសិប​ តៃយីប អេរដូហ្គែន​ បាន​ស្នើ​ឲ្យ​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ក្លា​ រវាង​អាស៊ែបៃហ្សង់​ និង​ក្រុម​បំបែក​ខ្លួន​អាមេនី ​ដែល​បាន​ផ្ទុះ​សង្គ្រាម​រយៈពេល ២ ​សប្តាហ៍​ នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​របស់​ពួក​គេ​ជា​លើក​ដំបូង​ ចាប់​តាំង​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ច្រើន​បាន​ផ្ទុះ​ឡើង​នៅ​ទីនោះ​​។​

វិមាន​ក្រឹម​ឡាំង​បាន​ថ្លែង​ថា៖ «​ពួក​គេ​បាន​បញ្ជាក់​អំពី​តម្រូវ​ការ​ចាំបាច់​ជា​បន្ទាន់​ ឲ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​ ដើម្បី​បញ្ចប់​ការ​បង្ហូរ​ឈាម​ឲ្យ​បាន​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ហើយ​ងាក​ទៅ​ដោះស្រាយ​បញ្ហា​នៅ​តំបន់​ណាហ្គូណូ​ និង​ការ៉ាបាក់ហ៍ ​ដោយ​សន្តិវិធី​ជាមួយ​គ្នា​»​។​

មនុស្ស​រាប់​រយ​នាក់​បាន​ស្លាប់​ នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ដោយសារ​តំបន់​ជម្លោះ​នោះ​ ហើយ​បន្ត​ប៉ះ​ទង្គិច​គ្នា​ជា​ច្រើន​លើក​បាន​ធ្វើ​ឲ្យ​បទ​ឈប់​បាញ់​មួយ​ ដែល​បាន​ឯកភាព​គ្នា​នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ​ កាល​ពី​សប្តាហ៍​មុន​ស្ទើរ​តែ​គ្មាន​ន័យ​។​

ប្រទេស​អាមេនី ​បាន​អះ​អាង​ថា ​ទីតាំង​យោធា​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​បាន​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ ប៉ុន្តែ​បាន​បដិសេធ​ថា ​កង​កម្លាំង​របស់​ខ្លួន​មិន​បាន​កំពុង​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​អាស៊ែបៃហ្សង់ ​នោះ​ទេ​៕ AFP/SK