បន្ទាប់​ពី​តតាំង​គ្នា​ជាង​ប៉ុន្មាន​ទសវត្សរ៍​មក ប្រទេស​ឥណ្ឌា និង​ចិន ​កំពុង​រៀបចំ​បង្កើត​តំបន់​គ្មាន​យោធា​នៅ​តាម​ព្រំដែន​ហិមាល័យ​ដែល​ចំណាត់​ការ​នេះ បង្ក​ឱ្យ​មាន​ការ​ថ្នាំងថ្នាក់​ចិត្ត​ពី​សំណាក់​សមាជិក​សន្តិសុខ​ឥណ្ឌា​មួយ​ចំនួន។

ក្រុម​ទាហាន​មក​ពី​ប្រទេស​ទាំង ២ នឹង​លែង​ត្រូវ​ល្បាត​នៅ​តំបន់​ភាគ​ខាង​ជើង​បឹង Pangong Tso ចម្ងាយ​ប្រមាណ ៩ គីឡូម៉ែត្រ ដែល​ជា​តំបន់​ធ្លាប់​មាន​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ​កាល​ពី​ឆ្នាំ​មុន។ ការ​ព្រមព្រៀង​នេះ នឹង​ធ្វើ​ឱ្យ​ប្រទេស​ឥណ្ឌា​ដក​ខ្លួន​ចេញ​ពី​ទីតាំង ដែល​ខ្លួន​រៀប​យុទ្ធ​សាស្ត្រ​ប្រឆាំង​នឹង​សត្រូវ​កាល​ពី​ខែ​សីហា ឆ្នាំ ២០២០ កន្លង​ទៅ។

ក្រសួង​ការបរទេស​ឥណ្ឌា​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ស្ថានភាព​តានតឹង ដែល​បន្ត​មក​ជា​យូរយារ​ហើយ​នោះ មិនមែន​ជា​អ្វី ដែល​ភាគី​ទាំង ២ ចង់​បន្ត​ទៀត​ទេ»។

ចំណាត់​ការ​នេះ ធ្វើ​ឡើង​ក្រោយ​ការ​បង្កើត​តំបន់​គ្មាន​យោធា​ស្រដៀង​គ្នា កាល​ពី​ឆ្នាំ​មុន មាន​ចម្ងាយ​ប្រហែល ១៥០ គីឡូម៉ែត្រ​នៅ​តាម​បណ្តោយ​ដង​ទន្លេ​ហ្គាវ៉ាន់​ជា​កន្លែង​ដែល​ទាហាន​ឥណ្ឌា ២០ នាក់ និង​ទាហាន​ចិន​យ៉ាង​តិច ៤ នាក់​ស្លាប់ ក្នុង​ការ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​មួយ។ ករណី​មុន​នេះ​ទៀត ពោល​គឺ​នៅ​ថ្ងៃទី ១៥ ខែ​មិថុនា ជា​ពេល​ដែល​មាន​ទាហាន​ស្លាប់​ជា​លើក​ដំបូង​ក្រោយ​មាន​ជម្លោះ​តតាំង​គ្នា ចាប់​តាំង​ពី​ឆ្នាំ ១៩៧៥ មក។

បើទោះ​ជា​ការ​ដកថយ​របស់​ឥណ្ឌា​ធ្វើ​ឱ្យ​ស្ថានភាព​នៅ​តំបន់​មាន​ជម្លោះ​ស្ងប់ស្ងាត់​ជាង​មុន​បន្តិច​ក្ដី សមាជិក​ខ្លះ​នៃ​ស្ថាប័ន​សន្តិសុខ​ឥណ្ឌា​ជឿ​ថា ការ​បង្កើត​តំបន់​គ្មាន​យោធា ​គឺ​ជា​ការ​បំពេញ​ចិត្ត​ទីក្រុង​ប៉េកាំង។ នេះ​បើ​យោង​តាម​មន្ត្រី​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​មួយ​ចំនួន។ ពួក​គេ​បាន​និយាយ​ថា ប្រទេស​ចិន បាន​ធ្វើ​ឱ្យ​មាន​មន្ទិល​រវាង​ទាំង ២ ដោយ​សំដៅ​ទៅ​លើ​សំណើ​របស់​ឥណ្ឌា ដែល​ស្នើ​ឱ្យ​ប្រទេស​ទាំង ២ ល្បាត​តំបន់​ជុំវិញ​បឹង ​Pangong Tso ដោយ​លើក​ហេតុផល​ថា សំណើ​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​ទីក្រុង​ប៉េកាំង។

ក្រុម​មន្ត្រី​ការពារ​ជាតិ និង​សន្តិសុខ​ឥណ្ឌា​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​ជុំវិញ​បញ្ហា​បឹង Pangong Tso ជាមួយ​រដ្ឋាភិបាល​ខ្លួន​យូរ​ហើយ​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​បែរជា​សម្រេច​ដក​ទាហាន​ល្បាត​ចេញ​ពី​តំបន់​នេះ​ទៅ​វិញ។ កាល​ពី​ថ្ងៃទី ១០ ខែកុម្ភៈ ប្រទេស​ទាំង ២ បាន​ចាប់​ផ្តើម​ដក​ទាហាន រថក្រោះ និង​កាំភ្លើង​ធំ​ជាច្រើន​ដើម​ដែល​ឈរ​ជើង​នៅ​តំបន់​បឹង​អស់​រយៈពេល​ចង់ ១០ ខែ​កន្លង​មក។

យ៉ាងណាមិញ កង​ទ័ព​ឥណ្ឌា ក្រសួង​ការពារជាតិ និង​ការិយាល័យ​នាយករដ្ឋមន្ត្រី​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​នៅ​ឡើយ​ទេ។

ដោយ​ឡែក ក្រសួង​ការបរទេស​ចិន​បាន​និយាយ​ថា ​ការ​បង្កើត​តំបន់​គ្មាន​យោធា​នៅ​តាម​ព្រំដែន​បឹង​នេះ ជា«ការ​ប្រឌិត​ឡើង​ដោយ​ពួក​ប្រព័ន្ធ​ផ្សព្វផ្សាយ»។ កាល​ពី​ថ្ងៃ​សុក្រ នៅ​ទីក្រុង​ប៉េកាំង​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស លោក Wang Wenbin បាន​និយាយ​ថា ស្ថានភាព​នៅ​តំបន់​ជម្លោះ​ចាប់​ផ្ដើម​ធូរស្បើយ​យ៉ាង​ខ្លាំង​ហើយ ក្រោយ​ការ​ដក​យោធា​ចេញ​ពី​តំបន់។

លោក ​Wenbin បាន​ថ្លែង​នៅ​ឯ​សន្និសីទ​ខ្លី​មួយ​ថា៖ «ភាគី​ទាំង ២ គួរ​តែ​អបអរ​ចំពោះ​ចំណាត់ការ និង​លទ្ធផល​បាន​មក​ពី​ការ​បង្រួបបង្រួម​ដែល​មាន​ស្រាប់ បន្ត​ការ​ពិភាក្សា ​ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​បច្ចុប្បន្ន»។

«ការ​មិន​ទុក​ចិត្ត​គ្នា​រវាង​យោធា​ទាំង ២ អាច​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ថែម​ទៀត»។ នេះ​បើ​យោងតាម​លោក Sushant Singh សមាជិក​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវដេលី​ ង​ជា​អ្នក​និពន្ធ​សៀវភៅ​បេសកកម្ម​ក្រៅ​ប្រទេស៖ ប្រតិបត្តិការ​ក្លាហាន​របស់​យោធា​ឥណ្ឌា។

លោក​បាន​បន្ត​ថា៖ «គំរូ​នៃ​តំបន់​គ្មាន​យោធា​នេះ ស្ថិត​នៅ​ក្នុង​ស្ថានភាព​បណ្តោះអាសន្ន​នៅ​ឡើយ និង​នៅ​មាន​បញ្ហា​ប្រឈម​ច្រើន។ សំខាន់​ជាង​នេះ​ទៅ​ទៀត បើ​មើល​ទៅ​លើ​ភាគី​ឥណ្ឌា មាន​ជម្រើស​តិច ​ពោល​គឺ​ចាញ់​ប្រៀប​ប្រទេស​ចិន ​ដែល​មាន​អំណាច​យោធា​ធំ​ជាង ដែល​នេះ​ជា​ការ​រំលោភ​កិច្ច​ព្រមព្រៀង»។

ប្រសិន​បើ​លទ្ធផល​បង្កើត​តំបន់​គ្មាន​យោធា ប្រកប​ទៅ​ដោយ​ជោគជ័យ និង​នាំ​មក​សន្តិភាព ចំណាត់ការ​នេះ​អាច​ក្លាយ​ជា​គំរូ​មួយ​សម្រាប់​ការ​ដោះស្រាយ​ព្រំដែន​ទៅ​ថ្ងៃ​មុខ។ ក្រុម​មន្ត្រី​បាន​និយាយ​ថា ស្របពេល​ដែល​តំបន់​គ្មាន​យោធា​មាន​គោល​បំណង​ការពារ​កុំ​ឱ្យ​មាន​ការ​ប៉ះទង្គិច​គ្នា ដូច​ករណី​កាល​ពី​ឆ្នាំ​មុន ការ​ប្រជែង​គ្នា​រវាង​ភាគី​ទាំង ២ នៅ​តែ​អាច​កើត​មាន​ឡើង​ដដែល។ ដោយឡែក ការ​បង្កើត​តំបន់​គ្មាន​យោធា​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ចិន ក៏​មិន​បាន​ធានា​ដល់​សន្តិភាព​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ឥណ្ឌា និង​ចិន​មាន​ព្រំប្រទល់​ជាប់​ព្រំដែន​គ្នា​ចម្ងាយ​ជាង ៣ ៨០០ គីឡូម៉ែត្រ នៅ​កន្លែង​ដែល​ក្រុម​កងទ័ព​នៅ​ប្រទេស​ទាំង ២ តាំងទី និង​ល្បាត​ជា​យូរ​មក​ហើយ៕