ក្រុង​បាកដាដៈ ​ប្រភព​សន្តិ​សុខ​អ៊ី​រ៉ាក់​មួយបាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​គ្រាប់​បែក​មួយ​គ្រាប់​ត្រូវ​បាន​គេ​ចុច​បំផ្ទុះ​នៅ​ជិត​ព្រំ​ដែន​ឆ្លង​កាត់​ប្រទេស​អ៊ី​រ៉ាក់​ ជា​មួយ​ប្រទេស​ក្បែរ​ខាង​កូ​វ៉ែត​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ី​រ៉ាក់​ ដោយ​មិន​ទាន់​បាន​ដឹង​ច្បាស់​ អំពី​ចំនួន​អ្នក​រង​របួស​ ឬ​ស្លាប់​នៅ​ឡើយ​ទេ​។​

ប្រភព​នោះបាន​ថ្លែង​ប្រាប់​កាសែត​ស៊ីន​ហួ​ ក្នុង​លក្ខ​ខណ្ឌ​អនាមិក​ថា ​ការ​ផ្ទុះ​នោះបាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ នៅ​ជិត​ចំណុច​ឆ្លង​កាត់​ព្រំ​ដែន​រ៉ៃចាន់​ ជា​មួយ​ប្រទេស​កូ​វ៉ែត​។​

​ប្រភព​នោះ​បាន​ថ្លែង​ថា ​មិន​មាន​ព័ត៌​មាន​ភ្លាមៗ​រាយ​ការណ៍​ អំពី​ការ​វាយ​ប្រហារ​នោះ​នៅ​ឡើយ​ទេ​។

​ទោះ​បី​ជា​យ៉ាង​ណាក៏​ដោយ​ ក៏​របាយ​ការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​និយាយ​ថា ​ការ​ផ្ទុះ​នោះ​បាន​កំណត់​គោល​ដៅ​ទៅ​លើ​ក្បួន​រថ​យន្ត​មួយ​ ដែល​បាន​ដឹក​ជញ្ជូន​សម្ភារ​យោធា​ របស់​កង​កម្លាំង​ក្រុម​ចម្រុះ​ដឹក​នាំ​ដោយ​អាមេ​រិក​ នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ាក់​ភាគ​ខាង​ត្បូង​។​

​រហូត​មក​ទល់​ពេល​នេះ​ គ្មាន​ក្រុម​ណា​ចេញ​មក​អះ​អាង​ទទួល​ខុស​ត្រូវ​ ចំពោះ​ការ​វាយ​ប្រ​ហារ​នោះ​ទេ​ ប៉ុន្តែ​ក្រុម​សកម្ម​ប្រយុទ្ធ​មិន​ស្គាល់​អត្ត​សញ្ញាណ​ជា​ច្រើន​ក្រុម​ ជា​បន្ត​បន្ទាប់​បាន​កំណត់​គោល​ដៅ​ ទៅ​លើ​ក្បួន​រថយន្ត​ក្រុម​ចម្រុះ​ដឹក​នាំ​ដោយ​អាមេរិក​ ដែល​ជា​ធម្មតា​បាន​ធ្វើ​ដំណើរ​ ចេញ​ពី​ប្រទេស​ក្បែរ​ខាង​កូ​វ៉ែត​ ទៅ​កាន់​មូល​ដ្ឋាន​ក្រុម​ចម្រុះ​ នៅ​ភូមិ​ភាគ​កណ្តាល​ និង​អ៊ីរ៉ាក់​ភាគ​ខាង​ជើង​៕ Xinhua/SK