ក្រុងយ៉ាំងហ្គោន: យោង​តាម ប្រភព​ព័ត៌មាន​ពី​ខាង​យោធា​បាន​ឲ្យ​ដឹង​ថា ភ្នាក់ងារ​សន្តិសុខ​មីយ៉ាន់ម៉ា ២ នាក់​និង​អ្នក​បើកបរ​ម្នាក់​បាន​រង​របួស​ដោយ​សារ​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា​ដែល​បាន​លួច​វាយឆ្មក់​លើ​រថយន្ត​របស់​ពួកគេ​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន​ភាគ​ខាងជើង ជាការ​វាយ​ប្រហារ​ពី​សំណាក់​ក្រុម​ឧទ្ទាម​ដំបូង​នៅ​ក្នុង​តំបន់​ដែល​រង​ការ​ខ្ទេចខ្ទាំ​ដោយសារ​អំពើ​នេះ​អំឡុង​ពេល​ជាច្រើន​សប្តាហ៍​ថ្មីៗ កន្លង​ទៅ​នេះ។

រដ្ឋ​រ៉ាក់ឃីន គឺជា​រដ្ឋ​មួយ​ដែល​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​មួយ​កាល​ពី​ខែ​សីហា​ឆ្នាំ​ទៅ​បន្ទាប់​ពី​មាន​ការ​លួច​វាយ​ប្រហារ​ពី​ក្រុម​ឧទ្ទាម​ជា​បន្ត​បន្ទាប់​មក​ដែល​បាន​សម្លាប់​ក្រុម​មន្ត្រី​យ៉ាងតិច ១២ នាក់​បាន​បង្ក​ឲ្យ​មាន​ការ​បង្ក្រាប​ខាង​យោធា​ដ៏​សាហាវ​មួយ​ដែល​អំពើ​ហិង្សា​នេះ​បាន​បណ្តាល​ឲ្យ​ក្រុម​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា ៦៥ ម៉ឺន​នាក់ រត់​ភៀស​ខ្លួន​ឆ្លង​ដែន ទៅ​បង់ក្លាដែស។

ខណៈ​របប​យោធា​បាន​លើក​ឡើង​ថា ខ្លួន​មាន​គោលដៅ​វាយ​ប្រហារ​និង​បង្ក្រាប​តែ​ទៅ​លើ​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា​តែ​ប៉ុណ្ណោះ​នោះ អ.ស.ប.បាន​ចោទ​ប្រកាន់​កងទ័ព​មីយ៉ាន់ម៉ា​ថា​បាន​បើក​យុទ្ធនាការ​បោស​សម្អាត​ពូជសាសន៍​ប្រឆាំង​ក្រុម​ជន​រ៉ូហ៊ីងយ៉ា៕