ក្រងបេរូតៈ យុទ្ធជន​ជាង ២០ នាក់​មកពី​កងកម្លាំង​ប៉ារ៉ាអ៊ីរ៉ាក់ ដែល​ចូលរួម​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិស្លាម កាល​ពី​ថ្ងៃ​ចន្ទ បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​នៅ​ស៊ីរី​ភាគ​ខាងកើត និង​អាមេរិក​ភ្ជាប់​ជាមួយ​អ៊ីស្រាអែល។

ការវាយប្រហារ​គ្រាប់បែក​បាន​ធ្លាក់ចំ​ទីប្រជុំជន Al-Hari ជាទី​ប្រជុំជន​មួយ​គ្រប់គ្រង​ដោយ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​តំបន់​ដែល​កំពុង​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​រយៈពេល ៧ ឆ្នាំ​នៅ​ស៊ីរី រួម​ជាមួយ​កងកម្លាំង​របស់​ប្រធានា​ធិបតី​ស៊ីរី​លោក​បាសារ អាល់អាសាដ។

អាជ្ញាធរ​ស៊ី​រី និង​កម្លាំង​អ៊ីរ៉ាក់​បាន​ចង្អុល​ដាក់​កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក ដែល​បាន​បដិសេដ​ថា ខ្លួន​មិន​ជាប់​ទាក់​ទិន​នឹង​ការ​វាយ​ប្រហារ​កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​ទេ។

មន្ត្រី​អាមេរិក​ម្នាក់ ដែល​បាន​ប្រាប់ AFP ដោយ​មិន​បញ្ចេញ​ឈ្មោះថា៖ «យើង​មាន​ហេតុផល​ជាច្រើន​ដែល​ជឿ​ថា ការ​វាយ​ប្រហារ​នោះ​គឺជា​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល»។

យោងតាម​ក្រុម​ឃ្លាំមើល​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​បាន​ឲ្យ​ដឹងថា ការវាយ​ប្រហារ​នោះ​បាន​ធ្លាក់​ចំ​ទីតាំង​ឈរ​ជើង​មួយ​គ្រប់គ្រង​ដោយ​របប​នេះ នៅ​ក្នុង​ទីប្រជុំ​ជន​ព្រំដែន​និង​បាន​បណ្តាល​ឲ្យ​យុទ្ធជន​យ៉ាង​តិច ២៥ នាក់​ស្លាប់។

នៅក្នុង​ចំណោម​ពួកគេ​នោះ យុទ្ធជន​មកពី​សម្ព័ន្ធមិត្ត​យោធា Hashed al-Shaabi ដ៏​មាន​ឥទ្ធិពល​របស់​អ៊ីរ៉ាក់​ដែល​ពួកគេ​ខ្លះ​បាន​ចូល​ទៅ​ក្នុង​ទឹកដី​ស៊ីរី ដើម្បី​ប្រយុទ្ធ​នឹង IS។

សម្ព័ន្ធមិត្ត​យោធា​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ បាន​អះអាងថា​យន្តហោះ​ជាច្រើន​គ្រឿង​របស់​អាមេរិក បាន​បាញ់​មីស៊ីល ២ គ្រាប់​ទៅ​លើ​ទីតាំង​ឈរ​ជើង​របស់​កងកម្លាំង Hashed al-Shaabi នៅ​ព្រំដែន​ជាមួយ​ស៊ីរី ដោយ​បាន​បណ្តាល​ឲ្យ​យុទ្ធជន ២២ នាក់​ស្លាប់ និង ១២ នាក់​រង​របួស។

អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់ AFP នៅក្នុង​ក្រុង Nasiriyah នៅ​អ៊ីរ៉ាក់​ភាគ​ខាងត្បូងថា សាកសព​របស់​យុទ្ធជន​អ៊ីរ៉ាក់ ៣ នាក់ បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ ត្រូវ​បាន​ដឹក​ត្រឡប់​ទៅ​កប់​ក្នុង​ស្រុក​កំណើត​របស់​ពួកគេ​វិញ។

ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី បាន​ឲ្យ​ដឹងថា កម្លាំង​អ៊ីរ៉ាក់ សរុប​ទាំងអស់ ៣០ នាក់​ក្នុង​ចំណោម​អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ទីប្រជុំជន Al-Hari និង​កម្លាំង​ស៊ីរី ១៦ នាក់ និង​យុទ្ធជន​មិន​ស្គាល់​អត្តសញ្ញាណ ៦ នាក់​ផ្សេង​ទៀត។

ការវាយប្រហារ​នោះ​ត្រូវ បាន​រាយការណ៍​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ដែល​បាន​ដក​ស្រង់​ប្រភព​យោធា ដោយ​បាន​ចោទ​ប្រកាន់​ក្រុម​ចម្រុះ​ពី​បទ​វាយ​ប្រហារ​ផ្លូវ​អាកាស​ជា ច្រើន​នៅ Al-Hari៕