ក្រុង​ឌូបៃ៖​ ប្រភព​ពី​ក្រុម​ឧទ្ទាម​ និង​សុខាភិបាល​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា មនុស្ស ​១៣ ​នាក់​ នៅ​ក្នុង​នោះ​មាន​ក្មេងៗ​ជា​ច្រើន​បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​នៅ​ក្នុង​សាដា​ខាង​ជើង​របស់​ប្រទេស​យេម៉ែន ​ខណៈ​ដែល​ក្រុម​ផ្តល់​ជំនួយ​អន្តរជាតិ​បាន​ថ្កោល​ទោស​ការ​វាយ​ប្រហារ​ទាំង​នេះ។

ក្រុម​ឧទ្ទាម​ហ៊ូធី​គាំទ្រ​ដោយ​អ៊ីរ៉ង់ ​និង​រដ្ឋាភិបាល​យេម៉ែន​ដែល​គាំទ្រ​ដោយ​យោធា​ចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ី សាអ៊ូឌីត ​បាន​ធ្វើ​សង្គ្រាម​ចាប់​តាំង​ពី​ឆ្នាំ ​២០១៤ ​ដោយ​បាន​បង្កើត​អ្វី​ដែល​អង្គការ​សហប្រជាជាតិ​ហៅ​ថា ​វិបត្តិ​មនុស្ស​ធម៌​អាក្រក់​បំផុត​នៅ​ក្នុង​ពិភព​លោក។

ទូរទស្សន៍ ​Al-Masirah ​របស់​ក្រុម​ឧទ្ទាម​ហ៊ូធី​បាន​និយាយ​ថា ​មនុស្ស ​១៣ ​នាក់ ​ក្នុង​នោះ​មាន​ក្មេង ​៤ ​នាក់ ​បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ទៅ​លើ​រថយន្ត​របស់​ពួក​គេ​នៅ​ក្នុង​បន្ទាយ​រឹងមាំ​របស់​ក្រុម​ឧទ្ទាម​ នៅ​ក្នុង​ខេត្ត​សាដា ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​។

ប្រភព​សុខាភិបាល​បាន​បញ្ជាក់​ប្រាប់ ​AFP ​ថា ​ក្មេង ​៤ ​នាក់ ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ស្លាប់​ទាំង​នោះ​។

លោក​ Xavier Joubert ប្រធាន​អង្គការ​ Save the Children​ នៅ​ប្រទេស​នេះ​បាន​ថ្លែង​ថា៖ ​«​យើង​មាន​ការ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ស្លាប់​ជន​ស៊ីវិល ​១៣ ​នាក់ ​នៅ​ក្នុង​នោះ​មាន​ក្មេង ​៤ ​នាក់ ​នៅ​ក្នុង​ប្រទេស​យេម៉ែន​»។

ការ​វាយ​ប្រហារ​នោះ​ ​បាន​កើត​ឡើង​បន្ទាប់​ពី​ការ​សម្រេច​ចិត្ត​របស់​អគ្គលេខាធិការ​អង្គការ​​សហប្រជាជាតិ​​លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស​ ​ដក​ក្រុម​យោធា​ចម្រុះ​​ដឹក​នាំ​ដោយ​ប្រទេស​អារ៉ាប៊ី​ សាអ៊ូឌីត​ ចេញ​ពី​បញ្ជី​នៃ​ក្រុម​ដែល​រំលោភ​សិទ្ធិ​កុមារ៕ AFP/PSA