ក្រុង​ចា​ឡា​ឡា​បាដៈ ​មន្ត្រី​បាន​ថ្លែង​ថា ​ការ​វាយ​ប្រហារ​អត្ត​ឃាត​មួយ​បាន​កំណត់​គោល​ដៅ​ទៅ​លើ​អភិ​បាល​ខេត្ត​អាហ្វ​ហ្គានី​ស្ថាន​ម្នាក់​ បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ ៨ ​នាក់​ស្លាប់​កាល​ពី​ថ្ងៃ​ចន្ទ​ ខណៈ​ប្រធា​នា​ធិប​តី​អាហ្វ​ហ្គានី​ស្ថាន​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កាតា​ ដែល​ជា​កន្លែង​កិច្ច​ពិភាក្សា​សន្តិភាព​ ជា​មួយ​ក្រុម​តាលី​បង់​បាន​ជាប់​គាំង​។​

​មនុស្ស​ ២៨​ នាក់​បាន​រង​របួស​ នៅ​ពេល​ដែល​អ្នក​វាយ​ប្រហារ​ បាន​បើក​រថយន្ត​ពោរ​ពេញ​ដោយ​គ្រឿង​ផ្ទុះ​ទៅ​បំបុក​ក្បួន​រថ​យន្ត​របស់​លោក ​​រ៉ហ៍​ម៉ាតុល​ឡាហ៍​ យ៉ារ​ម៉ាល់​ ជា​អភិ​បាល​ខេត្ត​ឡាហ្គ​ម៉ែន​ភាគ​ខាង​កើត​។​

​អ្នក​នាំ​ពាក្យ​អភិ​បាល​ខេត្ត​ គឺ​លោក​ អាស់​សាឌុល​ឡាហ៍​ ឌូ​ឡាត​ហ្ស៊ៃ ​បាន​ថ្លែង​ប្រាប់​កាសែត ​AFP​ ថា​៖ «​លោក​អភិ​បាល​ខេត្ត​បាន​កំពុង​បើក​រថ​យន្ត​ទៅ​ការិយា​ល័យ​របស់​លោក​នៅ​ពេល​រថយន្ត​របស់​លោក​ ត្រូវ​បាន​រង​ការ​វាយ​ប្រហារ​។ ​អង្គរក្ស​ ៤ ​នាក់​របស់​លោក​ និង​ជន​ស៊ី​វិល ​៤​ នាក់​បាន​ស្លាប់​ និង​ ២៨​ នាក់​ផ្សេង​ទៀត​រង​របួស​»​ ដោយ​បាន​បន្ថែម​ថា​ លោក​អភិ​បាល​ខេត្ត​រូប​នោះ​ មិន​បាន​រង​របួស​នោះ​ទេ​។​

​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ លោក ​តារិហ្គ​ អារៀន ​បាន​អះ​អាង​អំពី​ការ​វាយ​ប្រហារ​ ហើយ​បាន​ថ្លែង​ថា ​អ្នក​រង​របួស​ភាគ​ច្រើន​បំផុត​ គឺ​ជា​ជន​ស៊ី​វិល​៕ SK​