ក្រុងប៉េសាវ៉ាៈ ក្រុមមន្ត្រីបានថ្លែងថា ការវាយប្រហារអត្តឃាតមួយបានបណ្តាលឲ្យមនុស្ស ៦ នាក់ស្លាប់ នៅក្នុងនោះមានប៉ូលិស ២ នាក់ នៅកន្លែងចលាចលប្រទេស ប៉ាគីស្ថាន ភាគពាយព្យ កាលពីថ្ងៃអាទិត្យនៅក្នុងការវាយប្រហារមួយដែលត្រូវបានអះអាងដោយក្រុមតាលីបង់។
ការវាយប្រហារនោះ បានកើតឡើងនៅផ្លូវច្រកចូលនៃមន្ទីរពេទ្យមួយកន្លែង នៅក្នុងភូមិកូតឡាន សៃដាន នៅជាយក្រុងឌីរ៉ាអ៊ីសស្មៃឡ៍ ខាន់ភាគពាយព្យ។
អធិការប៉ូលិសស្រុកលោក Salim Riaz បានថ្លែងប្រាប់ AFP ថា ប៉ូលិសកំពុងជួយដឹកសាកសពមិត្តរួមអាជីព ២ នាក់ របស់ពួកគេ ដែលត្រូវបានបាញ់សម្លាប់ដោយក្រុមជីវពលសកម្មប្រយុទ្ធកាលពីថ្ងៃសៅរ៍ នៅពេលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានវាយប្រហារនោះ។
លោកបានថ្លែងថា៖ «ស្ត្រីបំផ្ទុះគ្រាប់បែកអត្តឃាត មានវ័យប្រហែល ២៨ ឆ្នាំ បានដើរចូលមក ហើយក៏បានចុចបំផ្ទុះខ្លួនឯង ដោយបានបណ្តាលឲ្យប៉ូលិស ២ នាក់ និងជនស៊ីវិល ៤ នាក់ស្លាប់ ហើយ ១៣ នាក់ផ្សេងទៀតរងរបួស»៕ SK