ក្រុង​សេអ៊ូល៖ ​កាសែត​ផ្លូវ​ការ​របស់​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ចោទ​ប្រកាន់​អាមេរិក​ ពី​បទ​ប្រើប្រាស់​ការ​ដាក់​ទណ្ឌកម្ម​នានា​ ដើម្បី​បំផ្លាញ​​ប្រទេស​មួយ​ចំនួន​ដែល​មិន​ស្តាប់​បង្គាប់់​ ដោយ​បាន​បញ្ជាក់​ថា​ ប្រទេស​ទាំង​នោះ​គួរ​តែ​ក្រោក​ឈរ​ឡើង ​ដើម្បី​ប្រឆាំង​​ការ​ប៉ុនប៉ង​​​​​​​ដោយ​មិន​ចុះ​ចាញ់​នឹង​សម្ពាធ​នោះ​​។​

កូរ៉េ​ខាង​ជើង​បាន​រិះគន់​អាមេរិក​កាន់​តែ​ខ្លាំង​ឡើង​ ចាប់​តាំង​ពី​កិច្ច​ពិភាក្សា​បញ្ហា​ការ​លុប​បំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​កម្រិត​ការងារ​នៅ​ទីក្រុង Stockholm ​បាន​បរាជ័យ​នៅ​ដើម​ខែ​នេះ​។ ​កូរ៉េ​ខាង​ជើង​បាន​បង្កើន​ការ​អំពាវនាវ​ឲ្យ​ពង្រឹង ​«ដោយ​ខ្លួន​ឯង​» ​នៅ​ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ដឹកនាំ​ដោយ​អាមេរិក​។​

កាសែត​ Rodong ​Sinmun ​បាន​និយាយ​នៅ​ក្នុង​បទអត្ថាធិប្បាយ​មួយ​ថា​៖ «​ក្រុម​ប្រទេស​មហា​អំណាច​លោក​ខាង​លិច​ នៅ​ក្នុង​នោះ​មាន​អាមេរិក​ កំពុង​ដាក់​សម្ពាធ​បណ្តា​ប្រទេស​ដែល​មិន​ស្តាប់​បង្គាប់ ​ដោយ​ការ​ដាក់​ទណ្ឌកម្ម​»​។ ​«​ការ​សម្របសម្រួល​​ ​១ ​ដំណាក់​កាល​នឹង​​ឈាន​ដល់ ​១០ ​ដំណាក់​កាល​​ រាប់រយ​ដំណាក់​កាល ​និង​ទីបញ្ចប់​នៅ​តែ​បរាជ័យ​​»​។​

លោក​ គី​ម ជុង​អ៊ុន ​(​កណ្តាល) ​ជិះ​សេះ​ស​ និង​​ប្អូន​ស្រី​របស់​លោក​ គីម យូចុង ​(ឆ្វេង) ​និងលោក ចូ យុងវ៉ុន។ Yonhap

ដោយ​លើក​ឡើង​ករណី​អំពី​ប្រទេស ​អ៊ីរ៉ាក់ ​និង​លីប៊ី​ កាសែត​នោះ​បាន​និយាយ​ថា​ ប្រទេស​ទាំង​នោះ​បាន​ដួល​រលំ​ដោយសារ ​«ការ​បំផ្លិច​បំផ្លាញ​ដោយ​ខ្លួន​ឯង​» ​ជាមួយ​ការ​រំលោភ​អធិបតេយ្យភាព​របស់​ពួក​គេ​ ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ចេញ​ពី​ទង្វើ​ដែល​បាន​ធ្វើ​ឲ្យ​ឈឺ​ចាប់​ដោយ​ខ្លួន​ឯង​ទៅ​​វិញ​។​

ជា​ការ​​​ច្បាស់ណាស់​​ កាសែត​នោះ​កំពុង​និយាយ​សំដៅ​ទៅ​លើ​មេ​ដឹកនាំ​ប្រទេស ​អ៊ីរ៉ាក់​ គឺ​លោក​ សាដដាម ហ៊ូសសេន​ ដែល​បាន​អនុញ្ញាត​ឲ្យ​ក្រុម​អធិការកិច្ច​របស់​អង្គការ​សហប្រជាជាតិ​ចូល​ទៅ​ត្រួត​ពិនិត្យ​មើល​កម្មវិធី​អាវុធ​របស់​ខ្លួន​ ចាប់​តាំង​ពី​ឆ្នាំ ​២០០២ ​រហូត​ដល់ ​២០០៣​ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត ​បន្ទាប់​ពី US ​ចូល​ឈ្លាន​ពាន​។​

ប្រទេស ​លីប៊ី ​វិញ​ បាន​ប្រគល់​កម្មវិធី​អាវុធ​មហា​ប្រល័យ​លោក​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​ ២០០៣​ ប៉ុន្តែ​មេ​ដឹកនាំ​របស់​ខ្លួន​ គឺ​លោក​ មួម៉ា ​ហ្គា​ដា​ហ្វី​ ត្រូវ​បាន​ទម្លាក់​ចេញ​ពី​តំណែង​ ហើយ​ត្រូវ​បាន​សម្លាប់​ដោយ​កងកម្លាំង​ឧទ្ទាម​ដែល​បាន​គាំទ្រ​ដោយ​អង្គការ​ណាតូ​នៅ​ឆ្នាំ ​២០១១​។​

កា​សែត​នោះ​បាន​និយាយ​ថា​ គោលដៅ​នៃ​ការ​ដាក់​ទណ្ឌកម្ម ​គឺ​ធ្វើ​ឲ្យ​ជ្រួល​ច្របល់​សេដ្ឋកិច្ច​ ជំរុញ​ឲ្យ​​ផ្លាស់​ប្តូរ​របប​ និង​ទីបញ្ចប់​ទទួល​បាន​ជោគជ័យ​ទាំង​ស្រុង​៕ Yonhap/SK