ក្រុងឌូបៃៈ ក្រុមអ្នកវិភាគ និយាយថា កិច្ចចរចាសន្តិភាពនៅយេម៉ែនលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៦ នៅមិនទាន់មានឱកាសដ៏ល្អ ដើម្បីបញ្ចប់សង្គ្រាមនៅឡើយទេ ខណៈសហគមន៍អន្តរជាតិ បានគាំទ្រដល់ការដោះស្រាយជម្លោះ ដែលបានបង្កខាតបង់យ៉ាងច្រើននោះ។
កាលពីថ្ងៃអង្គារ ប្រសិតពិសេសអង្គការសហប្រជាជាតិ លោក Martin Griffiths បានចាកចេញពីក្រុងសាណាដែលគ្រប់គ្រងដោយក្រុមឧទ្ទាមជាមួយគណៈប្រតិភូនៃក្រុមឧទ្ទាមហ៊ូធីទៅប្រទេសស៊ុយអែត ដើម្បីចរចាជាមួយរដ្ឋាភិបាលគាំទ្រដោយអារ៉ាប៊ី សាអូឌីតនោះ។
យោងតាមអ.ស.ប.បានឲ្យដឹងថា សង្គ្រាមដែលមានរយៈពេល៤ឆ្នាំរវាងក្រុមឧទ្ទាមហ៊ូធីមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ និងកងកម្លាំងគាំទ្ររដ្ឋាភិបាល បានជំរុញឲ្យប្រទេសនេះ ធ្លាក់ទៅក្នុងមាត់ជ្រោះគ្រោះទុរ្ភិក្ស ដោយប្រជាជនចំនួន១៤លាននាក់ ប្រឈមនឹងភាពអត់ឃ្លានយ៉ាងខ្លាំង។
រូបភាពវីដេអូនៃក្រុមក្មេង ដែលខ្វះអាហាររូបត្ថម្ភ ខ្សោយមិនអាចកម្រើក បានធ្វើឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង។
លោក ElizabethDickinson អ្នកវិភាគជាន់ខ្ពស់ដែលធ្វើការជាមួយក្រុមដោះស្រាយវិបត្តិអន្តរជាតិនោះ បានថ្លែងថា៖«អ្វីដែលពួកយើងមាននាពេលបច្ចុប្បន្ននេះ គឺឱកាសមួយដើម្បីចាប់ផ្តើមធ្វើឲ្យកិច្ចចរចាសន្តិភាពដំណើរការ»៕ SK