ក្រុងវ៉ាស៊ីនតោនៈ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ និង​សមភាគី​វ៉េណេស៊ុយអេឡា​របស់​លោក គឺ​លោក នីកូឡាស ម៉ាឌូរ៉ូ បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា កិច្ចចរចា​រវាង​ក្រុមមន្ត្រី​ជាន់​ខ្ពស់​កំពុង​ដំណើរការ ខណៈ​ប្រទេស​អាមេរិក​ភាគ​ខាងត្បូង​នេះ​បាន​រង​នូវ​ការដាក់​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​អាមេរិក​។

លោក​ ដូណាល់ ត្រាំ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​ថា​៖ «​យើង​កំពុង​ទាក់ទង​គ្នា ហើយ​យើង​កំពុង​ពិភាក្សា​គ្នា​ជាមួយ​ក្រុម​តំណាង​ផ្សេងៗ​របស់​វ៉េណេស៊ុយអេឡា​»​។

លោក ​ត្រាំ បាន​បដិសេធ​មិន​និយាយ​ថា តើ​មាន​ក្រុម​មន្ត្រី​ណាខ្លះ​ត្រូវ​បាន​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ការចរចា​នោះទេ​? ដោយ​បាន​បញ្ជាក់ថា​៖ «​យើង​កំពុង​ពិភាក្សា​នៅក្នុង​កម្រិត​ខ្ពស់បំផុត​មួយ​» ហើយ​បាន​បន្ថែម​ថា​៖ «​ក្រុម​អ្នកតំណាង​វ៉េណេស៊ុយអេឡា​ស្ថិត​នៅក្នុង​កម្រិត​ខុសៗ​គ្នា​» គឺជា​ក្រុម​ដែល​ចូលរួម​ក្នុង​ការចរចា​។

នៅក្នុង​សារ​មួយ​ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​វិទ្យុ និង​ទូរទស្សន៍​ថា លោក​ ម៉ាឌូរ៉ូ បាន​បញ្ជាក់​អំពី​កិច្ចពិភាក្សា​នោះ​ដោយ​បាន​ថ្លែងថា​៖ «​អស់​ជាច្រើន​ខែ​ហើយ​មាន​ការទាក់ទង​រវាង​ក្រុមមន្ត្រី​ជាន់​ខ្ពស់​អាមេរិក​របស់​លោក​ ដូណាល់ ត្រាំ និង​រដ្ឋាភិបាល​ បូលីវី ដែល​ខ្ញុំ​បានទទួល​ខុសត្រូវ​ធ្វើការ​សម្របសម្រួល​»​។

លោក ម៉ាឌូរ៉ូ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​ Miraflores Palace ​ក្រុង​ការ៉ាកាស​។ ​AFP

លោក​ ម៉ាឌូរ៉ូ បាន​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​ស្វះ​ស្វែងរក​ការចរចា​នៅក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា ខ្ញុំ​ស្វះស្វែង​រក​មធ្យោបាយ​មួយ​ដែល​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ ពិតជា​ស្តាប់​ខាង​ភាគី​វ៉េណេស៊ុយអេឡា​» យ៉ាងពិត​ប្រាកដ​។

កាលពី​ដើម​ខែ​នេះ​លោក​ ម៉ាឌូរ៉ូ បាន​ស្តីបន្ទោស​ក្រុង​វ៉ាស៊ីនតោន​នៅពេល​លោក​បាន​លុបចោល​កាលបរិច្ឆេទ​ការចរចា​ជាមួយ​បក្សប្រឆាំង​របស់​ប្រទេស​លោក​ដែល​ដឹកនាំ​ដោយ​លោក Juan Guaido ជា​ប្រធាន​សភា​ដែល​បាន​ប្រកាស​ខ្លួនឯង​កាលពី​ខែ​មករា​ថា​ជា​ប្រធានាធិបតី​ស្តីទី​។

អាមេរិក​បាន​ដាក់​សម្ពាធ​លោក​ ម៉ាឌូរ៉ូ តាមរយៈ​ការដាក់​ទណ្ឌកម្ម​ឲ្យ​យល់ព្រម​ទទួល​យក​តាម​ការទាមទារ​របស់​បក្សប្រឆាំង ដើម្បី​ឲ្យ​ចុះ​ពី​តំណែង និង​រៀបចំ​ឲ្យ​មាន​ការបោះឆ្នោត​ប្រធានាធិបតី​ឡើងវិញ ហើយ​ធ្វើ​អ្វី​មួយ​ដែល​លោក​បាន​បដិសេធ​មិន​ធ្វើ​តាម​ការស្នើសុំ​របស់​បក្សប្រឆាំង​យ៉ាង​ដាច់​អហង្ការ​នោះ​។

លោក​ ដូណាល់ ត្រាំ បាន​ថ្លែង​អំពី​វ៉េណេស៊ុយអេឡា​ថា​៖ «​យើង​កំពុង​ព្យាយាម​មិន​ពាក់ព័ន្ធ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​តែ​ជួយ​ជ្រោមជ្រែង​ឲ្យ​មាន​ការចរចា​កើតឡើង ហើយ​ប្រទេស​នេះ​ត្រូវការ​ការជួយ​យ៉ាងច្រើន​បន្ថែម​ទៀត​»៕ SK