គណៈកម្មការ​អឺរ៉ុប បាន​និយាយថា កិច្ចប្រឹងប្រែង​ក្នុង​ការផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​វិនិយោគ​ដ៏ធំ​មួយ​ជាមួយ​ប្រទេស​ចិន ត្រូវបាន​បញ្ឈប់​ជា​ធរមាន ក្រោយ​ប្រទេស​ចិន​ត្រូវ​ទទួលរង​ការដាក់ទណ្ឌកម្ម​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​តំបន់​អ៊ុយហ្គ័រ​របស់ខ្លួន​កាលពី​ខែមីនា​កន្លងទៅ។

លោក Valdis Dombrovskis អនុប្រធាន​ប្រតិបត្តិ​នៃ​គណៈកម្មការ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា៖ « ឥឡូវនេះ យើង​បាន​ផ្អាក​សកម្មភាព​ផ្សព្វផ្សាយ​នយោបាយ​ពី​ខាង​សហគមន៍​អឺរ៉ុប។ លោក​បាន​ឱ្យដឹង​ទៀតថា ស្ថានភាព​ទំនាក់ទំនង​រវាង​ក្រុង​ប្រ៊ុចសែល (បែលហ្ស៊ិក) និង​ទីក្រុង​ប៉េកាំង គឺ​មិន​អំណោយផល​សម្រាប់​ការផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការវិនិយោគ​រវាង​សហភាព​អឺរ៉ុប​ និង​ចិន​ទេ។

ទោះបីជា​លោក Dombrovskis មិនបាន​លើកឡើងថា កតិកាសញ្ញា​នេះ ត្រូវបាន​ផ្អាក​ជា​ផ្លូវការ​ឬ​យ៉ាង​ក៏ដោយ ក៏ប៉ុន្តែ​ពួកគេ​បាន​លើកឡើងថា ភាពតានតឹង​រវាង​ទីក្រុង​ប្រ៊ុចសែល និង​ទីក្រុង​ប៉េកាំង​បាន​ធ្វើឱ្យ​សហភាព​អឺរ៉ុប​មិន​ពេញចិត្ត​ចំពោះ​កិច្ចព្រមព្រៀង​បែបនេះ​ទេ។

គួរបញ្ជាក់​ផងដែរ​ថា កាលពី​ខែ មីនា​កន្លង​ទៅ សហភាព​អ៊ឺរ៉ុប​បានដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ចិន ៤ រូប ដែល​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​របស់​ទីក្រុង​ប៉េកាំង​ទៅលើ​តំបន់​ស៊ីនជាំង។ ជាការ​ឆ្លើយតប​ប្រទេស​ចិន ក៏បាន​ដាក់ទណ្ឌកម្ម​លើ​សមាជិក​ជាន់ខ្ពស់​នៃ​សហភា​អ៊ឺរ៉ុប​ចំនួន ៣ រូប គណៈកម្មាធិការ​អឺរ៉ុប ២ រូប និង​អ្នកសិក្សា​អឺរ៉ុប ដែល​ផ្តោតលើ​ប្រទេស​ចិន​ផងដែរ៕