ក្រុងសេអ៊ូលៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា លោកមេដឹកនាំ គីម ជុងអ៊ុន បានតាមដានការបាញ់តេស្តសាកល្បងរ៉ុក្កែត និងអាវុធមីស៊ីលរយៈចម្ងាយជិត ក្រោយពីសមយុទ្ធកាលពីថ្ងៃសៅរ៍ បានបង្កឲ្យមានកង្វល់ថា ក្រុងព្យុងយ៉ាង កំពុងបង្ករឿង ដោយសារការចរចាពីបញ្ហានុយក្លេអ៊ែរជាមួយអាមេរិក ជាប់គាំង។
កូរ៉េខាងជើង បានបាញ់តេស្តសាកល្បងមីស៊ីលចុងក្រោយ នៅក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅមុននឹងភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ថយកម្តៅនិងមានជំនួបជាបន្តបន្ទាប់។
ការវិលត្រឡប់ទៅបាញ់តេស្តរ៉ុក្កែត និងមីស៊ីល ទំនងជាធ្វើឲ្យលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផ្ទុះកំហឹង ប៉ុន្តែទីភ្នាក់ងារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើង បានចៀសវាងពាក្យនៅក្នុងរបាយការណ៍របស់ខ្លួន ដោយបាននិយាយថា លោក គីម ជុងអ៊ុន បានបញ្ជាឲ្យធ្វើសមយុទ្ធវាយប្រហារ ដែលទាក់ទងជាមួយ ការបាញ់រ៉ុក្កែតចម្ងាយឆ្ងាយជាច្រើនគ្រាប់ ដែលមិនត្រូវបានកំណត់ជាគោលដៅ ដោយសេចក្តីសម្រេចដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ចំពោះមីស៊ីលរយៈចម្ងាយជិតនោះទេ។
យោធារបស់ក្រុងសេអ៊ូល បានពិពណ៌នាអាវុធនោះ ថាមីស៊ីល ក្រោយពីខ្លួនចាប់បាននៅពេលបាញ់កាលពីថ្ងៃសៅរ៍។
អាមេរិក និងកូរ៉េខាងជើង មិនចុះសម្រុងគ្នាចាប់តាំងពីជំនួបត្រាំ-គីម ជុងអ៊ុន នៅប្រទេស វៀតណាម កាលពីខែកុម្ភៈបានបរាជ័យ ខណៈភាគីទាំង ២ បានប៉ះទង្គិចគ្នាជុំវិញបញ្ហាទណ្ឌកម្ម និងទាមទារសម្បទានរបស់ក្រុងព្យុងយ៉ាងជុំវិញការលុបបំបាត់អាវុធនុយក្លេអ៊ែរ ប៉ុន្តែថ្វីបើមានការគំរាមកំហែងថ្មីបំផុតពីក្រុងព្យុងយ៉ាងក្តី ក៏លោក ត្រាំ ថា ការទម្លាយភាពទាល់ច្រក អាចធ្វើទៅបានដែរ៕ AFP/PSA