ក្រុងសេអ៊ូលៈ ក្រុង​សេអ៊ូល​ បាន​ថ្លែង​ថា ​កូរ៉េ​ខាង​ជើង​បាន​ដក​បុគ្គលិក​របស់​ខ្លួន​ ចេញ​ពី​ការិយាល័យ​ទំនាក់​ទំនង​អន្តរ​កូរ៉េ កាល​ពី​ថ្ងៃ​សុក្រ ​អស់​រយៈពេល​ប៉ុន្មាន​​សប្តាហ៍​ ក្រោយ​ពី​ជំនួប​កំពូល​របស់​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង ​លោក​ គីម ​ជុងអ៊ុន ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ​ត្រាំ​ បាន​បញ្ចប់​ដោយ​គ្មាន​​កិច្ច​ព្រមព្រៀង​អ្វី​​​មួយ​ឡើយ​​។​

ការិយាល័យ​នៅ​ក្រុង Kaesong ភាគ​ខាង​ជើង ​ត្រូវ​បាន​បើក​ដំណើរការ​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ ​ខណៈ​កូរ៉េ​ទាំង ​២ ​បាន​រក្សា​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន ​ប៉ុន្តែ​អនុ​រដ្ឋមន្ត្រី​បង្រួប​បង្រួម​ជាតិ​របស់​កូរ៉េ​ខាង​ត្បូង​ លោក ​Chun Hae-sung ​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ថា ​ក្រុង​ព្យុងយ៉ាង​បាន «​ជូន​ដំណឹង​​កូរ៉េ​ខាង​ត្បូង​ថា ​ពួក​គេ​កំពុង​ដក​បុគ្គលិក​ចេញ​ពី​ការិយាល័យ​ទំនាក់​ទំនង​នោះ​​»​។​

លោក​ Chun Hae-sung ​ បាន​ថ្លែង​ថា ការ​សម្រេច​ចិត្ត​នោះ​បាន​ធ្វើ​ឡើង​ «​​​ដោយ​បាន​អនុលោម​​ទៅ​តាម​​​បទ​បញ្ជា​មួយ​ចេញ​ពី​ទី​​បញ្ជាការ​ជាន់​ខ្ពស់​​» ​ដោយ​បាន​​បន្ថែម​ថា៖ ​«​ពួក​គេ​បាន​ថ្លែង​ថា​ ពួក​គេ​មិន​ខ្វល់​ថា​ តើ​យើង​បន្ត​​នៅ​​ការិយាល័យ​ទំនាក់​ទំនង​នោះ​តទៅ​ទៀត​ឬ​ អត់​​ទេ​»​។​

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក ​មូន ​ជេអ៊ីន ​កំពុង​ដើរ​តួនាទី​ក្នុង​ការ​សម្រប​សម្រួល​ការ​ចរចា​រវាង​កូរ៉េ​ខាង​ជើង​ប្រដាប់​ដោយ​នុយក្លេអ៊ែរ​ដែល​​កំពុង​រង​ទណ្ឌកម្ម​ និង​ក្រុង​វ៉ាស៊ីនតោន​ជា​សម្ព័ន្ធមិត្ត​សន្តិសុខ​ដ៏​សំខាន់​របស់​កូរ៉េ​ខាង​ត្បូង​។ ​

លោក​មូន ​បាន​គាំទ្រ​ការ​ទំនាក់​ទំនង​ជាមួយ​កូរ៉េ​ខាង​ជើង​ ដើម្បី​នាំ​ប្រទេស​នេះ​ ទៅ​ចូល​រួម​តុ​ចរចា​ និង​បាន​​និង​កំពុង​ជំរុញ​ឲ្យ​មាន​គម្រោង​អភិវឌ្ឍន៍​អន្តរ​កូរ៉េ​នៅ​ក្នុង​ចំណោម​គម្រោង​ទាំង​នោះ​ គឺ​ការ​ស្តារ​តំបន់​ឧស្សាហកម្ម​នៅ​ក្នុង​ក្រុង ​Kaesong ​ដំណើរ​ទស្សនកិច្ច​របស់​ទេសចរ​ឆ្លង​ព្រំដែន​របស់​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ទៅ​កាន់​ភ្នំ​ Kumgang​ របស់​​កូរ៉េ​ខាង​ជើង​។

ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​នេះ ​ទណ្ឌកម្ម​ទៅ​លើ​​ប្រទេស​ ​កូរ៉េ​ខាង​ជើង​ ​ដែល​នៅ​ជា​ធរមាន​នោះ​ បាន​រារាំង​ការ​រីក​ចម្រើន​របស់​ពួក​គេ​៕ AFP/SK​​​​​​​​​​​