មេដឹកនាំប្រទេសចិន និងកូរ៉េខាងជើង កំពុងអះអាងជាថ្មីនូវសម្ព័ន្ធមិត្តរបស់ពួកគេបន្ទាប់ពីកិច្ចពិភាក្សាចម្រូងចម្រាស់រវាងអ្នកការទូតមកពីសហរដ្ឋអាមេរិក និងចិន។ ភាពឯកាការទូតរបស់ប្រទេសកូរ៉េខាងជើង និងបញ្ហាសេដ្ឋកិច្ចបានធ្វើឱ្យប្រទេសនេះពឹងផ្អែកលើប្រទេសចិន។
កាលពីថ្ងៃអង្គារ ទី ២៣ មីនា ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង (KCNA) បានរាយការណ៍ថា លោក Kim Jong Un បានអំពាវនាវឱ្យមានឯកភាព និងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងជាមួយប្រទេសចិន។
យោងតាម KCNA និងទីភ្នាក់ងារព័ត៌មានរបស់ប្រទេសចិន ប្រធានាធិបតីប្រទេសចិនលោក Xi Jinping នៅក្នុងសារផ្ទាល់របស់លោកទៅកាន់លោក Kim បានពណ៌នាថា ទំនាក់ទំនងទ្វេភាគីជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ប្រទេសទាំងពីរ។
KCNA បានរាយការណ៍ថា លោក Xi ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការផ្តល់ជូនប្រជាជននៃប្រទេសទាំងពីរនូវជីវិតប្រសើរឡើង។ អ្នកវិភាគខ្លះយល់ឃើញថា នេះជាការបង្ហាញថា ចិននឹងផ្តល់ស្បៀងអាហារ និងជំនួយទៅប្រទេសកូរ៉េខាងជើង កំឡុងពេលមានការបិទព្រំដែនដោយសាររោគរាតត្បត៕