ក្រុង​សេអ៊ូលៈ កាសែត​ផ្លូវ​ការ​របស់​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​អង្គារ ​បាន​រិះគន់​កូរ៉េ​ខាង​ត្បូង​ចំពោះ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​ជាមួយ​នឹង​អាមេរិក ​ដោយ​បាន​ព្រមាន​ថា ​ក្រុង​សេអ៊ូល​នឹង​ទទួល​ផល​វិបាក​ពី «​ទង្វើ​ឆ្កួត​ឡប់» បែប​នេះ​។ ​

កូរ៉េ​ខាង​ត្បូង ​និង​អាមេរិក ​បាន​បញ្ចប់​សមយុទ្ធ​យោធា​របស់​ពួក​គេ​ កាល​ពី​ថ្ងៃ​អង្គារ​។ ក្រុង​សេអ៊ូល​បាន​និយាយ​ថា​ សមយុទ្ធ​នេះ​​ គឺ​ជា​ផ្នែក​នៃ​ការ​ត្រៀម​រៀបចំ​របស់​ខ្លួន ​ដើម្បី​បង្កើន​ការ​គ្រប់គ្រង​កិច្ច​ប្រតិបត្តិការ​ពេល​មាន​សង្គ្រាម​របស់​ក្រុម​ទាហាន​មក​ពី​ក្រុង​វ៉ាស៊ីនតោន​ ប៉ុន្តែ​ក្រុង​ព្យុងយ៉ាង​ បាន​ហៅ​សមយុទ្ធ​នោះ​ថា​ ជា​ការ​ហាត់​សម​ដើម្បី​ឈ្លាន​ពាន​។

នៅ​ក្នុង​បទអត្ថាធិប្បាយ​មួយ ​កាសែត​ Rodong Sinmun ​បាន​ឲ្យ​ដឹង​ថា​៖ ​«ការ​ធ្វើ​សមយុទ្ធ​យោធា ​ដែល​ក្រុម​អ្នក​សង្គ្រាម​និយម​​នៅ​កូរ៉េ​ខាង​ត្បូង​ កំពុង​ធ្វើ​រួម​គ្នា​ជាមួយ​អាមេរិក​នោះ​ គឺ​ជា​ទង្វើ​បង្ក​សត្រូវ ​ដែល​ធ្វើ​ការ​ឈ្លាន​ពាន​ពួក​យើង​ និង​ជា​ការ​បង្ក​រឿង​ខាង​យោធា​ ដែល​មិន​អាច​អត់​ឱន​ឲ្យ​បាន​ទេ​»។

កាសែត​នោះ ​បាន​ឲ្យ​ដឹង​ទៀត​ថា ​សមយុទ្ធ​នោះ​បាន​បញ្ចូល​សមយុទ្ធ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នៅ​ក្នុង​តំបន់​កាន់​កាប់​ខ្លះ ​ដែល​កាសែត​នេះ​អះអាង​ថា​សមយុទ្ធ​នេះ​ មាន​បំណង​ឈ្លាន​ពាន ​និង​ធ្វើ​ឲ្យ​សាធារណ​រដ្ឋ​របស់​យើង​ងើប​លែង​រួច»។

កាសែត​ដដែល​នោះ​ បាន​ស្តី​បន្ទោស​កូរ៉េ​ខាង​ត្បូង​ចំពោះ​ភាព​តានតឹង​ ដែល​កំពុង​កើន​ឡើង​នៅ​តំបន់​តាមរយៈ​ការ​បង្ហាញ​សម្ភារ​យោធា​បច្ចេកវិទ្យា​ខ្ពស់​ និង​បន្ត​ធ្វើ​សមយុទ្ធ​យោធា​ ថ្វី​បើ​មាន​ការ​ព្រមាន​ជា​ច្រើន​លើក​ពី​កូរ៉េ​ខាង​ជើង​ក្តី​​ដោយ​និយាយ​ថា ​កូរ៉េ​ខាង​ត្បូង​នឹង​ទទួល​រង​ផល​វិបាក​ធ្ងន់ធ្ងរ ​ដោយ​សារ​ទង្វើ​ឆ្កួត​ឡប់​បែប​នេះ​៕ Yonhap/PSA