ក្រុង​សេ​អ៊ូ​លៈ កាលពី​ថ្ងៃ​អង្គារ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង បាន​ស្តី​បន្ទោស​អាមេរិក​ចំពោះ​កិច្ច​ប្រឹង​ប្រែង​ជំរុញ​ឲ្យ​បន្ត​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ក្រុង​ព្យុងយ៉ាង ដោយ​ចោទ​ប្រកាន់​លោក​ប្រធានា​ធិបតី​ដូណាល់ ត្រាំ ពី​បទ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ការ​រីក​ចម្រើន​ទំនាក់​ទំនង​អន្តរ​កូរ៉េ។

ការប្រកាស​នោះ គំរាម​ធ្វើ​ឲ្យ​ការចរចា​រវាង​ក្រុង​វ៉ាស៊ីនតោន​និង​កូរ៉េខាងជើង​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ មាន​ការ​រង្គោះ​រង្គើ ជា​អ្វី​ដែល​លោក​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​រៀបចំ​ជំនួប​ទី ២ នៅ​ពេល​ឆាប់​នេះ

ជាមួយ​មេដឹកនាំ​ក្រុង​ព្យុងយ៉ាង​គឺ​លោក​គីម ជុងអ៊ុន។

នៅ​ជំនួប​លើក​ទី ១ របស់​ពួកគេ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​កាលពី​ខែ មិថុនា ពួកគេ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​មិន​ច្បាស់​ស្តីពី​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​មាន​ការ​រីក​ចម្រើន​តិច​តួច ត្រូវ​បាន​ធ្វើ​ឡើង ចាប់​តាំង​ពី​ពេល​នោះ​មក ដោយ​ភាគី​ទាំង ២ មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​អត្ថន័យ។

ក្រុង​ព្យុងយ៉ាង មិនបាន​ធ្វើការ​សន្យា​ឲ្យ​ច្បាស់លាស់​ជា​សាធារណៈ ដើម្បី​បោះបង់ចោល​ឃ្លាំង​អាវុធ​ចាស់​របស់​ខ្លួន​ទេ ប៉ុន្តែ​អំពាវនាវ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ បន្ថយ​ទណ្ឌកម្ម​ដែល​ត្រូវ​បាន​ដាក់​ប្រឆាំង​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ដោយ​លើក​ឡើង​ពី​ការ​ឈប់​ធ្វើ​តេស្ត​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​ខ្លួន។

ចំណែក​ខាង​ខ្លួន​វិញ ក្រុងវ៉ាស៊ីនតោន បាន​ប្រកាន់​ជំហរ​ថា វិធានការ​ទាំងនោះ គួរ​ត្រូវ​បាន​រក្សា រហូត​ដល់​ក្រុង​ព្យុងយ៉ាង លុប​បំបាត់​នុយក្លេអ៊ែរ​ទាំង​ស្រុង។

របាយការណ៍​ដ៏​វែង​អន្លាយ​ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​ទីភ្នាក់ងារ KCNA របស់​កូរ៉េខាងជើង បាន​ឲ្យ​ដឹង​ថា ក្រុង​វ៉ាស៊ីនតោន កំពុង​លេង​ល្បែង ២ សន្លឹក និង​ជា​ប្រភេទ​នៃ​ការ​បំផ្លាញ​ឱកាស​ការ​ទូត​ដ៏​កម្រ​រវាង​ប្រទេស​ទាំង ២។

របាយការណ៍​នោះ ឲ្យ​ដឹង​ទៀតថា៖ «គោលនយោបាយ​អា​រិ​ភាព និង​ការចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ មិន​អាច​ដើរ​ស្រប​គ្នា​ទេ និង​ការ​ចរចា​នឹង​មិន​អាច​ដំណើរ​ទៅ​មុខ​ទេ។

របាយការណ៍​នោះ បន្តថា៖ «អាមេរិក កំពុង​ឆ្លើយតប​ចំពោះ​ភាព​សុចរិត ដោយ​អំពើ​អាក្រក់»។

KCNA បាន​និយាយថា អត្ថបទ​ដែលមាន​ជិត ១៧០០ ពាក្យ និង​មាន​ចំណង​ថា «តើ​អ្វី​ជា​ប្រផ្នូល​មិន​ល្អ​ចេញ​ពី​ហត្ថលេខា​របស់ US» ត្រូវ​ប្រកាស​ជា​សាធា​រណៈ​ដោយ​លោក Kim Chol Myong៕