ក្រុងប៊ីស្កេកៈ វិបត្តិ​នយោបាយ​នៅ​កៀហ្ស៊ីស៊ីស្ថាន​បាន​វិវត្ត​កាន់តែ​អាក្រក់​ទៅៗ ក្រោយពី​ក្រុមបាតុករ​ចូលកាន់​កាប់​អគារ​រដ្ឋសភា​នៅ​ថ្ងៃ​ពុធ​ហើយ​ក្រុម​បក្សប្រឆាំង​ជាច្រើន​បាន​ព្យាយាម​ដណ្ដើម​អំណាច​គ្នា​ជា​ហេតុ​ធ្វើឱ្យ​នាយករដ្ឋមន្ត្រី​លោក Kubatbek Boronov សម្រេច​លាលែង​ពី​តំណែង ហើយ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ត្រូវ​បាន​លុបចោល​។

ក្រុមបាតុករ​ទូទាំង​ប្រទេស​បាន​សម្រុក​ចូល​ក្នុង​វិមាន​រដ្ឋាភិបាល និង​បានតែងតាំង​មេដឹកនាំ​របស់​ពួកគេ​ឱ្យ​កាន់​តំណែង​ជា​ចៅហ្វាយក្រុង ឬ​ជា​មន្ត្រីជាន់ខ្ពស់​។ ទោះបី​ជា​ការតែងតាំង​ដោយ​ខ្លួនឯង​ទាំងនេះ​អាច​នឹង​ត្រូវបាន​ទាត់ចោល ដោយ​ក្រុមបាតុករ​ដែលមាន​កម្លាំង​ខ្លាំង​ជាង​ក្តី​។ នេះ​គឺជា​អ្វីដែល​បានកើត​ឡើង​ចំពោះ​មេដឹកនាំ​បក្ស Bir Bol លោក Almambet Shykmamatov ដែល​បានប្រកាស​ខ្លួន​ជា​អគ្គរដ្ឋអាជ្ញា​ថ្មី តែ​ត្រូវ​បោះបង់​មុខតំណែង​នេះ​ឱ្យ​ទៅ​អ្នកតំណាង​នៃ​គណបក្ស​ ១ ​ផ្សេងទៀត​ដែល​បាន​ទៅដល់​ការិយាល័យ​អគ្គរដ្ឋអាជ្ញា​ជាមួយ​នឹង​ក្រុមបាតុករ​ខ្លាំង​ជាង​។

ក្រុមប្រឹក្សា​សម្របសម្រួល​ជាច្រើន​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​បក្សប្រឆាំង​ផ្សេងៗ​គ្នា ដើម្បី​អនុវត្ត​ការផ្ទេរអំណាច ហើយ​ក្រុម​នីមួយៗ​អះអាងថា ខ្លួន​ជា​តំណាងឱ្យ​អាជ្ញាធរ​នៅក្នុង​អំឡុងពេល​អន្តរកាល​។ ក្រុម People''s Coordination Council Opposition បាន​អះអាង​កាលពី​ថ្ងៃ​ពុធ​ថា ពួកគេ​បាន​កាន់កាប់​អំណាច​រដ្ឋ​ និង​បាន​រំលាយ​សភា​ផងដែរ​។

កាលពី​ថ្ងៃ​អង្គារ សមាជិកសភា​ចំនួន​ ៣៥ រូប​បាន​ប្រមូលផ្ដុំ​គ្នា​នៅក្នុង​សណ្ឋាគារ​ ១ នៅ​ក្រុង​ប៊ីស្កេក ដើម្បី​តែងតាំង​អតីត សមាជិកសភា​ដែល​ទើបតែ​ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ គឺ​លោក Sadyr Japarov ជា​នាយករដ្ឋមន្ត្រី​។ លោក Japarov មកពី​គណបក្ស​ជាតិនិយម Ata Jurt ហើយ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយ:ពេល​ ១០ ​ឆ្នាំ​ពី​បទ​ចាប់​ចំណាប់ខ្មាំង​។ នៅ​ថ្ងៃ​បន្ទាប់​ក្រុម​ ១ ​ទៀត​បាន​ប្រកាស​ថា ពួកគេ​បាន​ជ្រើសតាំង​លោក Tilek Toktogaziev មកពី​គណបក្ស​ប្រជែង​នឹង​លោក Japarov សម្រាប់​បំពេញ​តួនាទី​នេះ​វិញ​។ អ្នកសង្កេតការណ៍​មួយចំនួន​បាន​និយាយ​លេងសើច​ថា កៀ ហ្ស៊ីស៊ីស្ថាន នឹង​មាន​នាយករដ្ឋមន្ត្រី​ថ្មី​ជា​រៀងរាល់ថ្ងៃ​។

ការតែងតាំង​នាយករដ្ឋមន្ត្រី​របស់​ក្រុម​ទាំងនេះ​គឺ​គ្មាន​ភាពស្របច្បាប់​ទេ ព្រោះ​រដ្ឋធម្មនុញ្ញ​កៀហ្ស៊ីស៊ីស្ថាន​បាន​ចែងថា ការជ្រើសតាំង​នាយករដ្ឋមន្ត្រី​គឺ​ត្រូវតែ​ប្រព្រឹត្តទៅ​តាមរយ:​ការបោះឆ្នោត​ក្នុង​សភា និង​ត្រូវការ​ការអនុម័ត​យល់ព្រម​ពី​សមាជិកសភា​យ៉ាងតិច​ ៦១ ​រូប​លើ​ ១២០​ ​រូប​។

ការប៉ះទង្គិច​គ្នា​រវាង​បាតុករ និង​ប៉ូលិស​នៅ​តែ​បន្ត​កើតឡើង​ទូទាំង​ប្រទេស​។ ជា​ការកត់សម្គាល់​ភាគី​ខាង​ប៉ូលិស​មាន​ការសហការ​ចូលរួម​ពី​សំណាក់​ក្រុម​ប្រជាជន​ស្ម័គ្រចិត្ត​ការពារ​អគារ​រដ្ឋាភិបាល ផ្សារ​ទំនើប​ធំៗ និង​អាជីវកម្ម​ឯកជន​ពី​ការប្លន់​។ បុគ្គល​ដែល​ជាប់ទាក់ទង​នឹង​ក្រុម​ឧក្រិដ្ឋជន​បាន​យក​ឱកាស​នេះ វាយប្រហារ​អណ្ដូងរ៉ែ​មាស និង​ធ្យូងថ្ម​ជាច្រើន ហើយ​ក្នុង​ករណី​ខ្លះ ពួកគេ​បាន​ដុតបំផ្លាញ​សម្ភារ និង​វាយ​ធ្វើបាប​កម្មករ​។

គួររំឭក​ថា បាតុកម្ម​បាន​ផ្ទុះឡើង​នៅ​ថ្ងៃ​ចន្ទ បន្ទាប់ពី​លទ្ធផល​ដំបូង​បាន​បង្ហាញថា គណបក្ស​ចំនួន ២ ដែល​ស្និទ្ធ​នឹង​ប្រធានាធិបតី Sooronbay Jeenbekov បានឈ្នះ​ការបោះឆ្នោត​សភា​កាលពី​ថ្ងៃ​អាទិត្យ ហើយ​លោក Jeenbekov ត្រូវបាន​គេ​ចោទប្រកាន់​ថា បាន​ទិញ​សន្លឹកឆ្នោត​។

បច្ចុប្បន្ន​លោក Jeenbekov កំពុង​លាក់ខ្លួន ហើយ​លោក​បាន​និយាយប្រាប់ BBC តាម​ទូរស័ព្ទ​ថា​៖ «​គោលដៅ​សំខាន់​របស់​ក្រុមបាតុករ គឺ​មិនមែន​ដើម្បី​លុបចោល​លទ្ធផល​នៃ​ការបោះឆ្នោត​នោះទេ ប៉ុន្តែ​ដើម្បី​ដកខ្ញុំ​ចេញ​ពី​អំណាច​»​។ បើទោះ​ជា​លោក​អះអាង​បែបនេះ តែ​លោក​បាន​ឱ្យ​សញ្ញា​ថា លោក​អាច​នឹង​ចុះ​ចេញពី​តំណែង​ផង​ដែរ ដោយ​បាន​និយាយថា​៖ «​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ខ្ញុំ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការផ្ដល់​ការទទួល​ខុសត្រូវ​ដល់​អ្នកដឹកនាំ​រឹងមាំ​ ១ ​រូប មិន​សំខាន់​​ថា​មកពី​ក្រុម​ណា​នោះទេ​។ ខ្ញុំ​ថែមទាំង​ត្រៀមខ្លួន​ជួយ​ពួកគេ​ទៀតផង​»៕