ស្រុកមែសៃៈ ទាហាន​ជើងទឹក​ថៃ (SEALs) បាន​និយាយ​នៅក្នុង​ការ​បង្ហោះ​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​ថា ក្មេង​ប្រុស​ទាំង ១២ នាក់ និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ ត្រូវ​បាន​រំដោះ​ចេញ​ពី​រូង​ភ្នំ ក្រោយ​ពី ឆ្លង​កាត់​បទពិសោធ​ដ៏​អាក្រក់ រយៈពេល ១៨ ថ្ងៃ ដោយ​បាន​បន្ថែម​ថា ពួកគេ​ទាំង​អស់​គ្នា​មាន​សុវត្ថិភាព។

ការ​បង្ហោះនៅលើ​គេហទំព័រ​ហ្វេសប៊ុក​នោះបាន​ឲ្យ​ដឹងថា៖ «ក្មេង​ប្រុស​ទាំង ១២ នាក់​នៃ​ក្រុម​បាល់ទាត់​ Wild Boars និង​គ្រូបង្វឹក​ត្រូវ​បាន​រំដោះ​ចេញ​ពី​រូង​ភ្នំ​នោះ» ដោយ​បាន​បន្ថែម​ថា ពួកគេ​ទាំង​អស់​គ្នា មាន​សុវត្ថិភាព។

ការ​បង្ហោះ​នោះបាន​ឲ្យ​ដឹង​ទៀតថា អ្នក​មុជទឹក ៤ នាក់​ដែល​នៅ​ជាមួយ​ក្រុម​ពួកគេ នៅ​តែ​មាន​មុខ​ដដែល។

ប្រមុខ​នៃ​ក្រុម​ជួ​យសង្រ្គោះ លោក Narongsak Osottanakorn បាន​ថ្លែងប្រាប់ ក្រុមអ្នកកាសែត​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ថា៖ «ពួកគេ​នឹង​ត្រូវ​ជួយ​សង្រ្គោះ​​ចេញ​ពី​រូងភ្នំ​នោះ​នៅ​ថ្ងៃនេះ»។

ក្តីសង្ឃឹម​ចំពោះ​ដំណាក់កាល​ចុងក្រោយ​នៅក្នុង​ការ​សាកល្បង​សង្គ្រោះ​មួយ ដែល​ធ្វើ​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នោះ​បាន​កើត​ឡើង​ក្រោយ​ពី​ក្រុម​អ្នក​មុជទឹក​បរទេស និង​ទាហាន​ជើង​ទឹក​ថៃ SEALs បាន​អម​ការពារ​សមាជិក ៨ នាក់​របស់​ក្រុម​បាល់ទាត់ Wild Boars ចេញ​ពី​រូងភ្នំ Tham Luang នៅ​ប្រទេស​ថៃ​ភាគ​ខាងជើង​កាល​ពី​ថ្ងៃ​អាទិត្យ និង​ថ្ងៃ​ចន្ទ។

នៅ​រសៀល​ថ្ងៃ​អង្គារ​មាន​ប្រភព​ជាច្រើន​ទាក់ទង​នឹង​កិច្ចប្រតិបត្តិការ​នេះ បាន​និយាយថា ៣ នាក់​ទៀត​ត្រូវ​នាំយក​ចេញ​មក​ក្រៅ។

ក្មេងប្រុស​ទាំង ១២ នាក់​មាន​អាយុ​ចាប់ពី ១១ ឆ្នាំទៅ ១៦ ឆ្នាំ​បាន​ធ្វើ​ដំណើរ​ចូលទៅ​ក្នុង​រូង​ភ្នំ​នោះ​កាល​ពី​ថ្ងៃ​ទី ២៣ ក្រោយ​ពី​ពួកគេ​ហាត់​បាល់​ទាត់​ចប់ ហើយ​ចូល​ជាប់​នៅ​ក្នុង​រូង​ភ្នំ​ដោយ​ភ្លៀង​ខ្លាំង៕