ខេត្តឈៀងរ៉ៃៈ យោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន AFP ម្នាក់បានឲ្យដឹងថា ក្មេងប្រុស ១២ នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេដែលត្រូវបានជួយសង្គ្រោះចេញពីរូងភ្នំមួយដែលលិចទឹកនៅក្នុងប្រទេសថៃត្រូវបាន អនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យពីថ្ងៃ ម្សិលមិញនៅមុនធ្វើសន្និសីទកាសែតដែលពួកគេបាននិយាយពីដំណើររឿងនៃការជាប់ក្នុងរូងភ្នំរបស់ពួកគេជាលើកដំបូង។
អ្នកកាសែត AFP ម្នាក់ បានឃើញក្រុមបាល់ទាត់ Wild Boars ជិះនៅក្នុងរថយន្តក្រុងតូចៗជាច្រើនគ្រឿងចេញពីមន្ទីរពេទ្យជាទីដែលពួកគេត្រូវបានព្យាបាលរហូតដល់ជាសះស្បើយនៅក្នុងខេត្តឈៀងរ៉ៃនៅប្រទេសថៃភាគខាងជើង។
ក្រុមបាល់ទាត់ Wild Boars កំពុងចេញពីមន្ទីរពេទ្យមុន ១ ថ្ងៃ ដែលត្រូវបានប្រកាសកាលពីសប្តាហ៍មុន ហើយក្រុមអាជ្ញាធរសង្ឃឹមថា ការរៀបចំវគ្គសំណួរនិងចម្លើយ នឹងធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយ ដែលបានតាមដានចង់ដឹងពីបទពិសោធរបស់ពួកគេនៅក្នុងរូងភ្នំមានការពេញចិត្ត។
ក្មេងទាំងអស់នោះគ្រោងវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅល្ងាចថ្ងៃពុធ។
អ្នកនាំពាក្យជាន់ខ្ពស់នៃរដ្ឋាភិបាលថៃលោក Sunsern Kaewkumnerd បានថ្លែងប្រាប់ AFP ថា៖ «ហេតុផល ដែលធ្វើសន្និសីទកាសែតនៅល្ងាចនេះគឺដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយសួរសំណួរពួកគេ ហើយបន្ទាប់មកពួកគេអាចវិលត្រឡប់ទៅរស់នៅក្នុងជីវិតធម្មតាវិញ ដោយគ្មានការរំខានពីក្រុមប្រព័ន្ធផ្សព្វផ្សាយ»។
លោក Sunsern បានថ្លែងថា ការបញ្ជូនក្រុមបាល់ទាត់ Wild Boars ទៅផ្ទះសំបែងដែលនឹងត្រូវចាក់ផ្សាយនៅលើទូរស្សន៍ធំៗ ហើយវគ្គសំណួរ និងចម្លើយ នឹងមានរយៈពេលប្រហែល ៤៥ នាទី ដោយបានបន្ថែមថា ការសួរ និងឆ្លើយនោះនឹងត្រូវបានធ្វើឡើងក្រៅផ្លូវការដោយមានអ្នកសម្របសម្រួលម្នាក់។
សន្និសីទកាសែតនោះ នឹងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដោយក្រុមអ្នកជំនាញបានព្រមានពីលទ្ធភាពទុក្ខព្រួយរយៈពេលយូរពីបទពិសោធរបស់ពួកគេជាប់នៅក្នុងរូងភ្នំ Tham Luang នៅក្នុងប្រទេសថៃភាគខាងជើងជាង ២ សប្តាហ៍នោះ៕