ក្រុងវ៉ាស៊ីនតោនៈ ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃអង្គារ បានអនុម័តលក់យន្តហោះចម្បាំង F-16 ចំនួន ៦៦ គ្រឿង ទៅឲ្យកោះតៃវ៉ាន់ ជាវិធានការមួយត្រូវបានគេរំពឹងថា នឹងធ្វើឲ្យក្រុងប៉េកាំងខឹងយ៉ាងខ្លាំង។
ក្រសួងការបរទេសបានថ្លែងថា កោះតៃវ៉ាន់នឹងទទួលបានយន្តហោះ F-16C/DBlo- ck 70 ប្រភេទយន្តហោះទំនើប ដែលត្រូវបានផលិតដោយបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ក្រុមហ៊ុន Lockheed Martin ក្នុងតម្លៃទឹកប្រាក់ ៨ ពាន់លានដុល្លារ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានថ្លែងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឯកភាពលើការស្នើសុំលក់អាវុធទៅកោះតៃវ៉ាន់ ក្រោយពីសភាបានអនុម័តកាលពីសប្តាហ៍មុន។
ការលក់យន្តហោះចម្បាំង F-16 ទាំងនោះ «គឺស្របទៅតាមការសម្របសម្រួលយ៉ាងត្រឹមត្រូវ ហើយក៏ជាទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងអាមេរិក និងចិនដែរ»។
«សកម្មភាពរបស់យើង ស្របទៅតាមគោលនយោបាយរបស់អាមេរិកនាពេលកន្លងទៅ។ យើងកំពុងអនុវត្តតាមការប្តេជ្ញាចិត្ត ដែលយើងធ្វើចំពោះភាគីទាំងអស់»។
ផែនការរបស់កោះតៃវ៉ាន់ដើម្បីធ្វើបច្ចុប្បន្នភាពប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានកើតឡើងស្របពេលមានការឈ្លានពានដោយយោធាចិនកាន់តែខ្លាំងឡើងចូលទៅក្នុងដែនអាកាសរបស់ខ្លួន។
អ្នកនាំពាក្យរបស់ប្រធានាធិបតីកោះតៃវ៉ាន់ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានថ្លែងថា យន្តហោះចម្បាំងធុន F-16 ទាំងអស់នេះ នឹង «បង្កើនសមត្ថភាពការពារអាកាសរបស់យើងយ៉ាងច្រើន ដើម្បីជួយស្វ័យការពាររបស់កោះតៃវ៉ាន់ និងការពារសេរីភាព និងសុខុមាលភាពរបស់ប្រជាជននៃកោះទាំងមូលថែមទៀតផង»៕ AFP/SK