ក្រុងរ៉ាសអាល់អាន៖ មនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មកាលពីថ្ងៃអាទិត្យ នៅក្នុងតំបន់អម្បូរឃើដភាគច្រើននៅតាមព្រំដែនប្រទេស ស៊ីរី ជាមួយតួកគី ប្រឆាំងការគំរាមការវាយប្រហារទ្រង់ទ្រាយធំមួយបានធ្វើឡើងរបស់ប្រធានាធិបតីតួកគី លោក រ៉េសិប តៃយីប អេរដូហ្គែន កាលពីថ្ងៃសៅរ៍។
ក្រុងអង់ការ៉ា បានបញ្ជាក់ម្តងហើយម្តងទៀតកាលពីថ្ងៃសៅរ៍ ដោយគំរាមជាញឹកញាប់ថា នឹងធ្វើការវាយប្រហារទ្រង់ទ្រាយធំ នៅប្រទេស ស៊ីរី ប្រឆាំងជីវពលឃើដ ដែលខ្លួនបានចាត់ទុកថា ជាក្រុមភេរវករមួយ ប៉ុន្តែក្រុមនោះ គឺជាសម្ព័ន្ធមិត្តជាមួយក្រុងវ៉ាស៊ីនតោន។
លោក អេរដូហ្គែន បានព្រមានថា ការអត់ធ្មត់របស់ប្រទេសលោកមានដែនកំណត់ ក្រោយពីក្រុមមន្ត្រីប្រទេស តួកគី និងអាមេរិក បានឯកភាពគ្នាកាលពីខែសីហា ដើម្បីបង្កើតតំបន់សុវត្តិភាពមួយមានន័យថា នឹងបំបែកព្រំដែនតួកគី ចេញពីទឹកដីឃើដនៅស៊ីរីភាគខាងជើង។
អ្នកឆ្លើយឆ្លងព័ត៌មាន AFP ម្នាក់បាននិយាយថា៖ «ការប្រឆាំងជាមួយលោក អេរដូហ្គែន» «ការប្រឆាំងជាមួយនឹងការកាន់កាប់របស់លោក អេរដូហ្គែន» អ្នកតវ៉ាបានស្រែកប្រមូលផ្តុំគ្នានៅតាមព្រំដែនក្បែរក្រុងរ៉ាស អាល់-អាន។
អ្នកឆ្លើយឆ្លងព័ត៌មាន AFP បានបន្ថែមថា ក្រុមអ្នកតវ៉ាបានដង្ហែក្បួនអស់ជាច្រើនគីឡូម៉ែត្រ ទៅកាន់មូលដ្ឋានទ័ពមួយកន្លែងនៅជិតក្រុងតែល អាហ្គាម ដែលបានគ្រប់គ្រងដោយក្រុមចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក ដែលជាសម្ព័ន្ធមិត្តជាមួយកងកម្លាំងដឹកនាំដោយឃើដ ប្រឆាំងក្រុមរដ្ឋអ៊ិស្លាម (IS) ជីហាដ។
អ្នកតវ៉ាមានវ័យ ៥២ ឆ្នាំ គឺលោក អាម៉ាដ ម៉ូហាម៉ាដ សាឡេម បាននិយាយថា៖ «យើងនឹងមិនបោះបង់ទឹកដីរបស់យើងនោះទេ ហើយយើងនឹងនៅទីនេះ ប៉ុន្តែយើងក៏មិនចង់ឲ្យមានសង្គ្រាមនោះដែរ»។
លោក អេរដូហ្គែន បានគំរាមវាយលុកទ្រង់ទ្រាយធំម្តងហើយម្តងទៀត ទៅលើក្រុមឃើដកាលពីថ្ងៃសៅរ៍។
លោក អេរដូហ្គែន បានថ្លែងនៅក្នុងសុន្ទរកថា ដែលបានចាក់ផ្សាយដោយទូរទស្សន៍មួយថា៖ «យើងបានធ្វើការរៀបចំរួចជាស្រេច ដើម្បីរៀបចំផែនការប្រតិបត្តិការរបស់យើងទាំងស្រុង និងពិចារណាអំពីបទបញ្ជាដែលចាំបាច់» ដោយបានបន្ថែមថា ការវាយលុកទ្រង់ទ្រាយធំនោះ អាចចាប់ផ្តើម «ធ្វើប្រតិបត្តិការក្នុងពេលឆាប់ៗនៅថ្ងៃនេះ ឬថ្ងៃស្អែក»។
មន្ត្រីទ័ពថ្មើរជើងម្នាក់មកពីក្រុមឧទ្ទាមគាំទ្រក្រុងអង់ការ៉ា នៅស៊ីរីភាគខាងជើង បានថ្លែងប្រាប់ AFP ថា កងកម្លាំងតួកគីបានផ្តល់ក្រុមយុទ្ធជនសកម្មប្រយុទ្ធរបស់ខ្លួនជាមួយ «កងកម្លាំងយោធា» ដោយធ្វើការ «ប្រមូលកងទ័ពយ៉ាងពេញទំហឹង ដើម្បីប្រយុទ្ធ»។
អាជ្ញាធរឃើដកាលពីថ្ងៃសៅរ៍ បានរិះគន់ការអត្ថាធិប្បាយរបស់លោក អេរដូហ្គែន ដោយបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ «ដាក់សម្ពាធទៅលើប្រទេស តួកគី ដើម្បីបញ្ឈប់ប្រទេសមួយនេះ មិនឲ្យធ្វើការឈ្លានពានណាមួយមកលើក្រុមរបស់ខ្លួន»។
កាលពីថ្ងៃអាទិត្យ ពួកគេបានព្រមានថា ការវាយប្រហារទ្រង់ទ្រាយធំរបស់ប្រទេស តួកគី អាចបង្កអរិភាពយ៉ាងខ្លាំងទៅលើសន្តិសុខនៅក្រុងអាល់ហ៊ូល ដែលមានជំរំជនភៀសខ្លួនដែរនោះ៕ AFP/SK