ក្រុង​បេរូតៈ ​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា ​របប​ស៊ី​រី​បាន​វាយ​ប្រហារ​ផ្លូវ​អាកាស​ជា​ច្រើន​លើក​កាល​ពី​ថ្ងៃ​អង្គារ​ ដោយបណ្តាល​ឲ្យ​ជន​ស៊ី​វិល​៩​នាក់​ស្លាប់​នៅ​ស៊ី​រី​ភាគ​ពាយព្យ​គ្រប់​គ្រង​ដោយ​ក្រុម​ឧទ្ទាម​ ហើយ​ជា​គោល​ដៅ​វាយ​ប្រហារ​អស់​ជា​ច្រើន​ខែ​របស់​របប​ស៊ី​រី​ និង​រុស្ស៊ី​នោះ​។​

​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ី​រី​បាន​ថ្លែង​ថា​ ក្មេង​ ៣​ នាក់​ នៅ​ក្នុង​ចំណោម​៩​នាក់​បាន​ស្លាប់​នៅ​ខាង​ក្រៅ​ក្រុង​ Maaret al-Numan ​ជា​ទី​ក្រុង​មាន​ទី​តាំង​ស្ថិត​នៅ​ខេត្ត​អ៊ីដ​លីប​ភាគ​ខាង​ត្បូង​។​

​យោង​តាម​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មាន​មូល​ដ្ឋាន​នៅ​អង់​គ្លេស​បាន​ឲ្យ​ដឹង​ថា​ ចំនួន​អ្នក​ស្លាប់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​បន្ថែម​ទៀត​ ដោយ​សារ​តែ​ក្រុម​ជន​រង​គ្រោះ​មួយ​ចំនួន​ផ្សេង​ទៀត​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​។​

​យោង​តាម​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រយុទ្ធ​ផ្លូវ​អាកាស​របស់​រុស្ស៊ី​និង​របប​ស៊ី​រី ​បាន​បង្កើន​ការ​វាយ​ប្រហារ​ជា​ច្រើន​លើក​ទៅ​លើ​ខេត្ត​អ៊ីដលីប​ ចាប់​តាំង​ពី​ចុង​ខែ​មេសា​ ដោយ​បាន​បណ្តាល​ឲ្យ​ជន​ស៊ី​វិល​ជាង​ ៦០០​ នាក់​ស្លាប់​ និង​​ ៥២​ នាក់​ផ្សេង​ទៀត​​ស្លាប់​ ដោយ​សារ​ក្រុម​ឧទ្ទាម​បាញ់​ប្រហារ​៕ SK ​