កាលពីថ្ងៃអង្គារ ទី ៩ កុម្ភៈ ក្រុមនាវាចម្បាំងអាមេរិកចំនួន ២ ធ្វើសមយុទ្ធរួមនៅសមុទ្រចិនខាងត្បូង ប៉ុន្មានថ្ងៃបន្ទាប់ពីនាវាចម្បាំងអាមេរិក ១ គ្រឿងបានធ្វើដំណើរជិតកោះមានជម្លោះ ដែលគ្រប់គ្រងដោយចិន។
ក្នុងសេចក្ដីថ្លែងការណ៍មួយ កងទ័ពជើងទឹកអាមេរិកបាននិយាយថា ក្រុមនាវាចម្បាំង Theodore Roosevelt និងក្រុមនាវាចម្បាំង Nimitz បាន «ធ្វើលំហាត់សមយុទ្ធជាច្រើន ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការធនធានរួម ក៏ដូចជាសមត្ថភាពបញ្ជា និងគ្រប់គ្រងផងដែរ»។
សមយុទ្ធនេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសចិន បានថ្កោលទោសចំពោះការបើកនាវាចម្បាំង USS John S. McCain ទៅជិតកោះមានជម្លោះ Paracel ដែលគ្រប់គ្រងដោយចិន។ អាមេរិកបាននិយាយថា នាវានេះគឺបានធ្វើ «បេសកកម្មសេរីភាពនាវាចរណ៍» ដែលជាលើកដំបូងបេសកកម្មបែបនេះ បានធ្វើក្រោមប្រធានាធិបតី Joe Biden៕