ក្រុងឡុងដ៍ៈ ក្រុម​បំបែក​ខ្លួនSikh និង​អ្នក​គាំទ្រ​របស់​ពួក​គេ​រាប់​រយ​នាក់​ បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីលានTrafalgar នៃ​ក្រុង​ឡុង​ដ៍កាល​ពី​ថ្ងៃចន្ទ​ ​ដើម្បី​ទាម​ទារ​ឱ្យមាន​ការ​ធ្វើ​ប្រជា​មតិ​មួយ​ ដើម្បី​ក្លាយ​ទៅ​ជា​ប្រទេស​ឯក​រាជ្យ​មួយ​ដាច់​ចេញ​ពី​ប្រទេស​ឥណ្ឌា។

ពួកគេ​បាន​លើក​បដា​ដែល​សរសេរ​ថា «ដោះលែង Punjab»​ បញ្ចប់​ការ​កាន់​កាប់​របស់​ឥណ្ឌា «ធ្វើ​ប្រជា​មតិ Punjab ឆ្នាំ 2020 សម្រាប់ Khalistan» និង «យើង​នឹង​បង្កើត​រដ្ឋ Punjab ឡើង​វិញ​ ដើម្បី​ធ្វើ​ជា​ប្រទេស​ឯក​រាជ្យ​មួយ»។

ការ​តវ៉ា​នេះ​ ត្រូវបាន​រៀប​ចំឡើង​ដោយ​ក្រុម Sikhs សម្រាប់​យុត្តិ​ធម៌​ដែលមាន​មូល​ដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​និង​កាណា​ដា​ ហើយ​បាន​ទាក់​ទាញ​មនុស្ស​ពី​ទូទាំង​ពិភព​លោក​ដែល​ពួកគេ​ជា​ច្រើន​បាន​ស្រែក​ពាក្យ​ថា« Khalistan»។

រដ្ឋា​ភិបាល​ឥណ្ឌា​ បាន​បង្ហាញ​ការព្រួយ​បារម្ភ​ទៅ​ដល់​ក្រុង​ឡុងដ៍​អំពី​សកម្ម​ភាព​របស់​ក្រុម​បំបែក​ខ្លួន Sikh ដែល​ចង់​បង្កើត​ប្រទេស​ Khalistan នៅ​រដ្ឋPunjab ភាគ​ខាង​ជើង​ឥណ្ឌា។

ការិយា​ល័យ​កិច្ច​ការ​បរទេស​ បានបញ្ជាក់​ថា ​ខ្លួន​បាន​ពិភាក្សា​អំពី​ការជួប​ជុំគ្នា​នេះ​ជាមួយ​គណៈ​កម្ម​ការ​ជាន់​ខ្ពស់​ឥណ្ឌា​ ប៉ុន្តែ​ស្រី្ត​អ្នក​នាំ​ពាក្យ​បាន​ប្រាប់ AFP ថា៖ «ការតវ៉ា​ដោយ​សន្តិ​វិធី​ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​សង្គម​ប្រជាធិប​តេយ្យ»៕ NS