ក្រុងការ៉ាកាស៖ សមាជិកសភាបក្សប្រឆាំងម្នាក់បានថ្លែងថា ក្រុមភ្នាក់ងារមកពីការិយាល័យចារកម្មស៊ីប៊ីននៃប្រទេស វ៉េណេស៊ុយអេឡា កាលពីថ្ងៃអង្គារបានឆ្មក់ចូលទៅក្នុងការិយាល័យរបស់មេដឹកនាំបក្សប្រឆាំងលោក ចួន ហ្គៃដូ ខណៈលោកបានធ្វើដំណើរនៅក្នុងប្រទេសអឺរ៉ុប។
សមាជិកសភាលោក ឌីលសា សូឡូរហ្សាណូ បានថ្លែងប្រាប់ក្រុមអ្នកកាសែត ក្រោយពីនិយាយជាមួយក្រុមកងកម្លាំងការពារសន្តិសុខនៅឯសណ្ឋាគារហ្សូរិក ថូវអើរ នៅក្រុងការ៉ាកាសថា៖ «យើងបានអះអាងថា ក្រុមមន្ត្រីចារកម្មស៊ីប៊ីន គឺស្ថិតនៅក្នុងការិយាល័យរបស់ប្រធានាធិបតី ចួន ហ្គៃដូ នៅឡើយ»។
មេដឹកនាំសភាលោក ចួន ហ្គៃដូ ត្រូវបានទទួលស្គាល់ថា ជាប្រធានាធិបតីដោយអាមេរិក និងបណ្តាប្រទេសជាង ៥០ ផ្សេងទៀត នៅក្នុងការតស៊ូអំណាចយ៉ាងយូររបស់លោក ជាមួយប្រធានាធិបតីសង្គមនិយមលោក នីកូឡាស ម៉ាឌូរ៉ូ នៅក្នុងប្រទេសមួយនេះ។
សណ្ឋាគារហ្សូរិច ថូវអើរដែលជាកន្លែងការិយាល័យធ្វើការត្រូវបានឡោមព័ទ្ធនៅពេលរសៀល ដោយកងកម្លាំងបិទមុខ និងក្រុមមន្ត្រីប្រដាប់អាវុធចារកម្មស៊ីប៊ីននៅក្នុងសម្លៀកបំពាក់ឈុតខ្មៅ។
សភាបក្សប្រឆាំងបានថ្លែងថា ការិយាល័យទាំងនោះ គឺទទេស្អាតនៅពេលចាប់ផ្តើមស្រាវជ្រាវនៅទីនោះ ដោយបានបន្ថែមថា ក្រុមសមាជិកសភាខ្លះ មិនអាចចូលទៅកាន់ទីនោះបានទេ។
លោក សូឡូរហ្សាណូ បានថ្លែងនៅខាងក្រៅអគារនោះថា៖ «នីតិវិធីអ្វីក៏ដោយ កំពុងដំណើរការ ពួកគេកំពុងអនុវត្តច្បាប់ដោយគ្មានកាន់លិខិតអនុញ្ញាតដោយគ្មានសាក្សី ហើយពួកគេគ្មានដីកាស្រាវជ្រាវទៀតផង»។
សមាជិកសភាលោក អេនជីល តូររ៉េស បានថ្លែងថា ក្រុមភ្នាក់ងារចារកម្ម «បានចូលមកក្នុងការិយាល័យយ៉ាងប្រញាប់ប្រញាល់» នៅចំពេលបក្សប្រឆាំងមានការព្រួយបារម្ភថា ពួកគេអាចនឹងបង្កើតភ័ស្តុតាងមួលបង្កាច់បក្សប្រឆាំង។
បក្សប្រឆាំងបានរាយការណ៍រួចរាល់ហើយកាលពីពេលថ្មីៗនេះ នៅក្នុងថ្ងៃចាប់ខ្លួនសមាជិកសភាម្នាក់ ក្នុងចំណោមសមាជិកសភារបស់ខ្លួន ខណៈពួកគេបានធ្វើដំណើរទៅកាន់សភា ហើយពួកគេបានហៅលោកថា ជា Ismael Leon។
អាជ្ញាធរវ៉េណេស៊ុយអេឡាមិនធ្វើអត្ថាធិប្បាយទាក់ទងទៅនឹងរបាយការណ៍នោះទេ។
លោក ហ្គៃដូ មានវ័យ ៣៦ ឆ្នាំ បានផ្គើនទៅនឹងបម្រាមមិនឲ្យធ្វើដំណើរទៅទីក្រុងឡុងដ៍ ដើម្បីពិភាក្សាជាមួយលោក បូរីស ចនសុន៕ AFP/SK