ក្រុងបាងកក៖ ​ក្រុម​សង្គម​ស៊ីវិល​អាស៊ាន​កាល​ពី​ថ្ងៃ​សៅរ៍​ បាន​រិះគន់​អំពី​សិទ្ធិ​មនុស្ស​កាន់​តែ​អាក្រក់​ខ្លាំង​ឡើង​នៅ​ក្នុង​អាស៊ាន​​ និង​គោលការណ៍​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​ផង​គ្នា​របស់​ប្លុក​នេះ​ ជា​ពិសេស​ជុំវិញ​វិបត្តិ​ជន​រ៉ូហ៊ីងយ៉ា​ ដែល​តាម​ការ​រាយការណ៍​ នឹង​មិន​ត្រូវ​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ជំនួប​កំពូល​អាស៊ី​ខាង​កើត​នេះ​​។​

លោក​ ហ្វីល ​រ៉ូ​ប៊ឺត​សុន​​ ជា​អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​តំបន់​អាស៊ី​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ស្ថានការណ៍​នៅ​អាស៊ាន​​ ដោយ​បាន​ពិពណ៌នា​វា​ថា​ជា​ «​គ្រោះ​មហន្តរាយ​សិទ្ធិ​មនុស្ស​មួយ​»​។​

លោក​បាន​ថ្លែង​ប្រាប់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ​ដែល​មាន​ចំណង​ជើង​ថា «​ការ​គាំទ្រ​កិច្ច​ពិភាក្សា​សង្គម​ស៊ីវិលៈ ​ប្រតិកម្ម​ក្រោយ​ពី​កិច្ច​ប្រជុំ​ជាមួយ​ក្រុម​មន្ត្រី​បរទេស​អាស៊ី​» ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​៖ «​ក្រុម​មន្ត្រី​​​អាស៊ាន​​ បាន​ពិភាក្សា​​អំពី​ការ​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ ដូច​ជា​ព្យុះ​ស៊ីក្លូន​ និង​រញ្ជួយ​ដី​ជា​ដើម​។ ​ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​មិន​អើពើ​ចំពោះ​គ្រោះ​មហន្តរាយ​សិទ្ធិ​មនុស្ស​ ដែល​កំពុង​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​នៅ​ក្នុង​តំបន់​ទៅ​វិញ​?​»​។​

ព្រឹត្តិការណ៍​នោះ​ បាន​ធ្វើ​ឡើង​ ក្រោយ​ពី​ក្រុម​សង្គម​ស៊ីវិល​បាន​ជួប​ជាមួយ​ក្រុម​មន្ត្រី​បរទេស​អាស៊ាន​​ ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល ​៥ ​ឆ្នាំ​ម្តង​។​

លោក​ ប្រា​យុធ ចាន-អូ​ចា​ ថ្លែង​បើក​ជំនួបអាស៊ានលើកទី ៣៥​ នៅ​ក្រុង​បាង​កក​ក​។ AFP

លោក​ រ៉ូ​ប៊ឺត​សុន ​បាន​ពន្យល់​អំពី​ការ​បញ្ជាក់​របស់​លោក ​ជាមួយ​វិបត្តិ​រ៉ូហ៊ីងយ៉ា​បាន​អូស​បន្លាយ​ពេល​ជា​យូរ​ ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ​ទៅ​លើ​មនុស្ស​រាប់​ម៉ឺន​នាក់ ​និង​ការ​ដុត​ភូមិ​អស់​រាប់​រយ​កន្លែង​ ដែល​បាន​បង្ខំ​ឲ្យ​ជន​រ៉ូហ៊ីងយ៉ា​ជាង ​៧៤ ​ម៉ឺន​នាក់ បាន​រត់​​ចេញ​ពី​រដ្ឋ​រ៉ាក់ឃីន ​នៃ​ប្រទេស ​មីយ៉ាន់ម៉ា​ ទៅ​កាន់​ប្រទេស ​បង់ក្លាដែស​។​

លោក​បាន​ថ្លែង​ថា៖ «​នេះ គឺ​ជា​គ្រោះ​មហន្តរាយ​សិទ្ធិ​មនុស្ស​មួយ​ នៅ​ពេល​ជន​រ៉ូហ៊ីងយ៉ា​នៅ​តែ​ស្ថិត​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ នៅ​ក្នុង​ស្ថានការណ៍​មួយ​ដូច​ការ​បំបែក​ពូជ​សាសន៍​នោះ​។ វា​ជា​គ្រោះ​មហន្តរាយ​​នៅ​ពេល​ទីប្រឹក្សា​រដ្ឋ​​មីយ៉ាន់ម៉ា​ គឺ​លោកស្រី​ អ៊ុង- សាន​ ស៊ូជី ​និង​រដ្ឋាភិបាល​ស៊ីវិល​បាន​ធ្វើ​ការ​ក្រៅ​ម៉ោង ​ដើម្បី​បិទ​បាំង​ការ​ពិត​និង​រារាំង​កិច្ច​​ខំ​ប្រឹង​ប្រែង​ ដើម្បី​អនុញ្ញាត​ឲ្យ​ធ្វើ​មាតុភូមិ​និវត្តន៍​ជន​រ៉ូហ៊ីងយ៉ា​ ទៅ​​​មីយ៉ាន់ម៉ា​វិញ​ ដោយ​ភាព​ជា​ពលរដ្ឋ​ និង​ការ​ការពារ​សុវត្តិភាព ​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ពួក​គេ​»​។

លោក​បាន​ថ្លែង​ថា​ គ្រោះ​មហន្តរាយ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ផ្សេង​ទៀត​ នៅ​ក្នុង​នោះ​មាន​សង្គ្រាម​គ្រឿង​ញៀន​នៅ​ហ្វីលីពីន​ ការ​ធ្វើ​ទណ្ឌកម្ម​ទៅ​លើ​ក្រុម​​មនុស្ស​ស្រលាញ់​​​ភេទ​ដូច​គ្នា​នៅ​​ប៊្រុយណេ និង​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​នៅ​ប្រទេស ឡាវ ​ជា​ដើម​៕ BKP/SK