ក្រុមហ៊ុន Apple និង Amazon បានដកបណ្ដាញសង្គម Parler ដែលមានភាពពេញនិយមជាមួយក្រុមអ្នកគាំទ្រលោក Trump ចេញពី App Store និងសេវាកម្មគេហទំព័ររៀងៗខ្លួន ដោយបានចោទបណ្ដាញសង្គមនេះថា មិនបានចាត់វិធានការគ្រប់គ្រាន់សម្រាប់ការពារការរាលដាលនៃការញុះញង់ឱ្យមានអំពើហិង្សា។
កាលពីថ្ងៃសៅរ៍ទី ៦ មករា Apple បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «យើងបានផ្អាក Parlerពី App Store រហូតដល់ពួកគេដោះស្រាយបញ្ហាទាំងនេះ»។ កាលពីថ្ងៃសុក្រ Appleបានទុកពេល ២៤ ម៉ោងឱ្យ Parler ធ្វើការរៀបចំផែនការគ្រប់គ្រងកម្មវិធីរបស់ពួកគេ ដោយបានលើកឡើងថា ក្រុមបាតុករបានប្រើបណ្ដាញសង្គមនេះ ដើម្បីធ្វើការសម្របសម្រួលការឡោមព័ទ្ធអគារសភាអាមេរិក។
រីឯ Amazon វិញនឹងដក Parler ចេញពីអង្គភាព Amazon Web Services (AWS) នៅម៉ោង ១១:៥៩ យប់ថ្ងៃអាទិត្យ ទី ១០ ដោយលើកឡើងថា Parler បានរំលោភលើលក្ខខណ្ឌនៃសេវាកម្មរបស់ AWS ដោយខកខានមិនបានដោះស្រាយបញ្ហាការកើនឡើងជាលំដាប់នៃសារគាំទ្រអំពើហិង្សា។ ការដកដោយ AWS នឹងធ្វើឱ្យ Parler បាត់មុខពីអ៊ីនធឺណិត បើសិនពួកគេមិនរកក្រុមហ៊ុនសេវាកម្មគេហទំព័រផ្សេងទៀត ដើម្បីប្រតិបត្តិការគេហទំព័រពួកគេ៕