ក្រុមហ៊ុន Microsoft កំពុង​ស៊ើបអង្កេត​​សហស្ថាបនិក​នៃ​ក្រុម​ហ៊ុន​ គឺ​លោក Bill Gates ជុំវិញ​រឿង​រ៉ាវ​ទំនាក់​ទំនង​​ស្នេហា​រវាង​លោក និង​បុគ្គលិក​រយៈ​ពេល​ជាង​ ២០ ឆ្នាំ​ ក្រោយ​ពេល​លោក​ សម្រេច​ចាក​ចេញ​ពី​តំណែង​​​ប្រឹក្សាភិបាល​ក្នុង​ក្រុមហ៊ុនកា​លពីឆ្នាំមុ​ន។

ក្រុមហ៊ុន Microsoft បានបញ្ជាក់ថា ដំណើរការ​ស៊ើបអង្កេត​ បាន​ចាប់​ផ្ដើម​ជា​បណ្ដើរៗ​ហើយ​។ សារព័ត៌មាន​ the Journal បាន​ដក​ស្រង់​ចេញ​ពី​ប្រភព​អនាមិក​មួយ​​ថា សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​បាន​ជួល​ក្រុមហ៊ុន​មេធាវី​មួយកាលពីចុងឆ្នាំ ២០១៩ ដើម្បី​ធ្វើការស៊ើបអង្កេតទាក់​ទិននឹង​ករណី​នេះ ក្រោយ​មាន​បុគ្គលិក​​​ក្រុមហ៊ុន Microsoft ម្នាក់​ បានចោទប្រកាន់ថា​ នាងមានទំនាក់ទំនងផ្លូវ​ភេទជាមួយលោក ​Gates អស់រយៈពេលជាច្រើនឆ្នាំ​។

អ្នកនាំពាក្យម្នាក់របស់​លោក Gates ម្នាក់​ដែល​មិនបញ្ចេញឈ្មោះ​​បាន​ទទួលស្គាល់​ការ​ចោទ​ប្រកាន់​នេះ​ថា​ជា​ការពិត​ដែរ​។ យ៉ាងណាមិញ ការសម្រេចចិត្តផ្លាស់ប្តូរ​ក្រុម​ប្រឹក្សា​ភិបាល​ គឺ​មិន​មាន​ជាប់​ទាក់​ទង​នឹង​បញ្ហា​​នេះទេ​​។

នៅក្នុងសារអេឡិចត្រូនិកផ្ញើរ​ទៅកាន់​សារពត៌មាន​ Associated Press ក្រុមហ៊ុន Microsoft បាន​ឱ្យ​ដឹង​ថា​ខ្លួន​បាន​ទទួល​ដឹង​ពី​ករណី​នេះ​កាល​ពី​​ពាក់កណ្តាលឆ្នាំ ២០១៩។​

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា៖ «គណៈ​ក​ម្មាធិការ​ក្រុមប្រឹក្សាភិបាល​​ បានពិនិត្យមើលលើ​ករណី​នេះ​ ដោយ​មាន​ទាំង​ជំនួយពី​ក្រុមហ៊ុន​ច្បាប់​ខាងក្រៅ​បន្ថែម​ទៀត​ ដើម្បី​ធ្វើការស៊ើ​បអង្កេត​ឱ្យ​ហ្មត់ចត់។ តាមរយៈការស៊ើបអង្កេតនេះក្រុមហ៊ុន Microsoft បានផ្តល់ការគាំទ្រយ៉ាងច្រើន​ដល់បុគ្គលិកដែល​បា​​ន​លើកឡើង​ពីក្ដី​​ព្រួយបារម្ភ​នេះ»។

គួរ​បញ្ជាក់​ផងដែរ​ថា ព័ត៌មាននៃការស៊ើបអង្កេត​នេះ​បាន​លេចចេញ​ក្រោយ​ពី​លោក​ Gates និង​អ្នកស្រី​ Melinda Gates បានប្រកាស​ពី​ការ​លែងលះ​ បន្ទាប់​ពី​រៀបការអស់រយៈពេល ២៧ ឆ្នាំ​៕