ក្រុងម៉ូស្គូ: ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ក្រុមអ្នកធ្វើអធិការកិច្ចមកពីអង្គការឃ្លាំមើលនិងហាមប្រាមការប្រើប្រាស់អាវុធគីមីនៅលើពិភពលោកបានទៅដល់កាលពីថ្ងៃសៅរ៍ក្នុងទីប្រជុំជនឌូម៉ានៅស៊ីរីជាទីដែលបទចោទប្រកាន់ការវាយប្រហារដោយអាវុធគីមីបានកើតឡើងនាដើមខែនេះ។
ក្រុមអ្នកធ្វើអធិការកិច្ចមួយក្រុមមកពីអង្គការហាមប្រាមការប្រើប្រាស់អាវុធគីមី (OPCW) បានស្ថិតនៅក្នុងទឹកដីស៊ីរីរយៈពេលមួយសប្តាហ៍ប៉ុន្តែមិនបានធ្វើដំណើរទស្សនកិច្ចក្នុងទីក្រុងឡើយដោយសារមានក្តីបារម្ភពីបញ្ហាសន្តិសុខ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រសួងនេះដដែលបានឲ្យដឹងថា៖ «យោងតាមប្រភពព័ត៌មានដែលយើងទទួលបានបេសកកម្មពិសេសរបស់ OPCW…បានទៅដល់នាព្រឹកថ្ងៃទី២១ក្នុងទីក្រុងឌូម៉ានៅកន្លែងនានាដែលគេសង្ស័យថាមានសារធាតុគីមីពុល។
«សន្តិសុខរបស់ OPCW ត្រូវបានធានាមិនត្រឹមតែដោយភាគីស៊ីរីឡើយប៉ុន្តែក៏ដោយទីបញ្ជាការដ្ឋានកងទ័ពរុស្ស៊ីនៅក្នុងទឹកដីស៊ីរីផងដែរ»។
យោងតាមប្រភពព័ត៌មានពីក្រុមបុគ្គលិកជួយសង្គ្រោះបន្ទាន់បានឲ្យដឹងថា មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់អំឡុងការវាយប្រហារដោយអាវុធគីមីដែលគេសង្ស័យបង្កឡើងក្នុងទីក្រុងឌូម៉ា( Douma )ក្បែរទីក្រុងកាលពីថ្ងៃទី៧ខែមេសាដែលត្រូវបានគេថ្កោលទោសលើកងកម្លាំងរបស់ប្រធានាធិបតីបាសារអាល់-អាសាដ។
រដ្ឋាភិបាលស៊ីរីបានធ្វើការបដិសេធម្តងហើយម្តងទៀតថាមិនបានប្រើប្រាស់អាវុធគីមីនិងបានអញ្ជើញឲ្យក្រុមអធិការកិច្ចរបស់ OPCW ធ្វើការស៊ើបអង្កេតទៀតផង។
ក្រសួងការបរទេសរុស្ស៊ីបានថ្លែងឲ្យដឹងថាខ្លួនមានក្តីរំពឹងថាOPCWនឹងអនុវត្ត «ការស៊ើបអង្កេតដោយមិនលំអៀងមួយ»អំពីបញ្ហានេះ។ ក្រសួងដដែលនេះបានឲ្យដឹងថា៖«ជាពិសេសចាប់តាំងពីដំណើរទស្សនកិច្ចលើកទីមួយទៅកាន់កន្លែងកើតហេតុនៃបទសង្ស័យវាយប្រហារដោយអាវុធគីមីនៅក្នុងប្រវត្តិសាស្ត្រនៃកំណត់ត្រាការវាយប្រហារដោយអាវុធគីមីនៅស៊ីរី»៕ AFP/ SN