ក្រុមបាតុករបានប្រមូលផ្ដុំគ្នានៅខាងក្រៅការិយាល័យរាប់សន្លឹកឆ្នោតនៅតាមទីក្រុងធំៗនៅរដ្ឋ Swing States មួយចំនួន ខណៈពេលដែលលោក Trump បានធ្វើការអះអាងថាការបោះឆ្នោតត្រូវបានគេ «លួច» ហើយទាមទារឱ្យឈប់រាប់សន្លឹកឆ្នោត។

ក្រុមអ្នកគាំទ្រលោក Trump បានប្រើប្រាស់សារផ្ទុយគ្នានៅក្នុងការធ្វើបាតុកម្មចំនួនពីរផ្សេងគ្នា។ នៅទីក្រុង Detroit រដ្ឋ Michigan ពួកគេបានប្រមូលផ្ដុំគ្នាទាមទារឱ្យមន្ត្រីរៀបការបោះឆ្នោតឱ្យ«ឈប់រាប់សន្លឹកឆ្នោត» ក្រោយពីលោក Trump បានដាក់ពាក្យបណ្ដឹង។ នៅរដ្ឋ Michigan លោក Trump បាននាំមុខសំឡេងឆ្នោតនៅពេលដែលចាប់ផ្ដើមរាប់ដំបូង ប៉ុន្តែលោក Biden បានបន្ថយគម្លាត រួចហើយទទួលជ័យជម្នះ នៅពេលដែលរាប់ដល់សន្លឹកឆ្នោតផ្ញើតាមប្រអប់សំបុត្រ។

រីឯនៅទីក្រុង Phoenix រដ្ឋ Arizona វិញ ក្រុមនេះ ដែលខ្លះមានកាន់កាំភ្លើង បានទាមទារធ្វើការ «រាប់សន្លឹកឆ្នោតទាំងអស់» ដោយសារលោក Biden ត្រូវបាន AP និង Fox News សន្និដ្ឋានថាលោកបានទទួលជ័យជម្នះនៅរដ្ឋនេះ ប៉ុន្តែនៅសល់សន្លឹកឆ្នោតមិនទាន់រាប់ច្រើន ។ នៅទីក្រុងដដែលក្រុមអ្នកគាំទ្រលោក Trump ក៏បានប្រឈមមុខដាក់គ្នាជាមួយក្រុមអ្នកគាំទ្ររបស់លោក Biden ផងដែរ ប៉ុន្តែមិនមានការប៉ះទង្គិចធ្ងន់ធ្ងរទេ។

នៅទីក្រុង Philadelphia រដ្ឋ Pennsylvania វិញប៉ូលិសបានឈរយាមរវាងបាតុកម្មរបស់ក្រុមលោក Trump និងក្រុមលោក Biden ដែលក្រោយមកប៉ូលិសបានដាក់រនាំងដែកបំបែកក្រុមទាំងពីរនេះ។ រដ្ឋ Pennsylvania គឺកំពុងរាប់សន្លឹកឆ្នោតផ្ញើតាមប្រអប់សំបុត្រ ហើយបើគិតត្រឹមថ្ងៃសុក្រទី៦ ម៉ោង ៨:០០ លោក Trump បានដឹកនាំសំឡេងត្រឹមតែ ០.២៧ ភាគរយប៉ុណ្ណោះ។

បាតុកម្មបានកើតឡើងនៅទីក្រុងសេរីនិយមដូចជា ទីក្រុង New York, Seattle, Los Angeles, និង រដ្ឋធានី Washington DC ក្រោយពីលោក Trump បានប្រកាសដោយឯកតោភាគីថាបានឈ្នះការបោះឆ្នោត ខណៈពេលដែលសន្លឹកឆ្នោតមិនទាន់រាប់ហើយនៅរដ្ឋ Swing State មួយចំនួន។ នៅសង្កាត់ Manhattan ប៉ូលិសបានចាប់ខ្លួនបាតុករចំនួន ៣០ រូបដែលបានចោទថាពួកគេបានរំខានបាតុកម្មសន្តិភាព ដោយបានប៉ុនប៉ងបង្កអគ្គិភ័យ គប់សំរាម និងគប់ពងមាន់។

នៅទីក្រុង Minneapolis រដ្ឋ Minnesota ក្រុមបាតុកម្មប្រឆាំងលោក Trump និងក្រុមបាតុកម្ម Black Lives Matter បានរួមគ្នាដើរក្បួនទៅបិទផ្លូវអន្តររដ្ឋលេខ ៩៤។ ប៉ូលិសបានពិន័យបាតុករចំនួន ៦៤៦ ពីបទធ្វើស្ទះផ្លូវ។

កាលពីថ្ងៃពុធ លោក Trump បានដាក់ពាក្យបណ្ដឹងនៅរដ្ឋ Michigan, Georgia, និង Pennsylvania ហើយមួយថ្ងៃក្រោយមកនៅរដ្ឋ Nevada ដោយអះអាងថាសន្លឹកឆ្នោតផ្ញើតាមប្រអប់សំបុត្រនៅរដ្ឋទាំងនេះគឺមានភាពមិនប្រក្រតី។ ការដាក់ពាក្យបណ្ដឹងនេះត្រូវបានគេគិតថាជាសកម្មភាពដើម្បីពន្យារការរាប់សន្លឹកឆ្នោត និងជាសកម្មភាពធ្វើឱ្យមានការសង្ស័យលើភាពត្រឹមត្រូវនៃការរាប់សន្លឹកឆ្នោត។ លោក Trump បានចាញ់រឿងក្ដីនៅរដ្ឋ Michigan និង Georgia ហើយអ្នកវិភាគមួយចំនួនបានគិតថាលោកនឹងបន្តចាញ់នៅរដ្ឋដទៃទៀត។

យ៉ាងណាមិញក្រុមហ៊ុន Facebook បានលុបគ្រុប «បញ្ឈប់ការលួច» របស់អ្នកគាំទ្រលោក Trump។ គ្រុបនេះ គឺបានប្រើប្រាស់សម្រាប់រៀបចំបាតុកម្មប្រឆាំងនឹងការរាប់សន្លឹកឆ្នោត ហើយសមាជិកមួយចំនួនបានទាមទារឱ្យមានការប្រព្រឹត្តអំពើហិង្សាផងដែរ។ សមាជិកប្រមាណ ៣៥ ម៉ឺននាក់ ភាគច្រើនបានមានជំនឿថាបក្សប្រជាធិបតេយ្យគឺកំពុង «លួច» ជ័យជម្នះការបោះឆ្នោត តាមរយៈការក្លែងសន្លឹកឆ្នោត។

គិតត្រឹមពេលវេលាដូចខាងលើ លោក Joe Biden ហាក់ដូចជាកាន់តែខិតជិតចំនួនអង្គបោះឆ្នោត ២៧០ ដោយ AP និង Fox news បានសន្និដ្ឋានថាលោកបានទទួលអង្គបោះឆ្នោតចំនួន ២៦៤ ធៀបនឹងចំនួនអង្គបោះឆ្នោត ២១៤ របស់លោក Trump ហើយលោកក៏បានកាត់បន្ថយគម្លាតនៅឯរដ្ឋ Pennsylvania និងបាននាំមុខសំឡេងនៅរដ្ឋ Georgia ផងដែរ៕