ក្រុង​យ៉ាំងហ្គោន៖ ​ក្រុម​អ្នក​គាំទ្រ​របស់​លោកស្រី​ អ៊ុងសាន ​ស៊ូជី​ កំពុង​ទិញ​សំបុត្រ​ធ្វើ​ដំណើរ​តម្លៃ​ ​២ ​ពាន់​ដុល្លារ​ ដើម្បី​ទៅ​ក្រុង​ឡាអេ​​ ជា​​ការ​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ត្រឹមត្រូវ​​ ខណៈ​ប្រទេស ​មីយ៉ាន់ម៉ា ​បាន​ប្រឈម​មុខ​ការ​ចោទ​ប្រកាន់​ពី​​​បទ​អំពើ​ប្រល័យ​ពូជសាសន៍​ជុំវិញ​វិបត្តិ​រ៉ូហ៊ីងយ៉ា​ នៅ​ឯ​តុលាការ​កំពូល​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ខែ​ធ្នូ​នេះ​។​

ក្រុម​អ្នក​គាំទ្រ​បាន​ប្រមូល​ផ្តុំ​គ្នា​ ដោយ​​មាន​កាន់​ផ្ទាំង​ប្រកាស​ និង​ការ​ចេញ​សារ​អបអរ​សាទរ​គាំទ្រ​តាម​អនឡាញ​ បន្ទាប់​ពី​ការ​ប្រកាស​ គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ដោយ​មេ​ដឹកនាំ​ស៊ីវិល​របស់​ប្រទេស ​មីយ៉ាន់ម៉ា ​កាល​ពី​សប្តាហ៍​មុន​ថា​ លោកស្រី ​អ៊ុងសាន ​ស៊ូជី​ នឹង​ធ្វើ​ជា​តំណាង​ដោយ​ផ្ទាល់​ឲ្យ​ប្រទេស ​មីយ៉ាន់ម៉ា​ នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ ​(ICJ)​។​

ម្ចាស់​ពាន​រង្វាន់​ប្រជាធិបតេយ្យ​​លោកស្រី ​អ៊ុង​សាន ​ស៊ូ​ជី​ នឹង​​ការពារ​ការ​បង្ក្រាប​របស់​យោធា​កាល​ពី​ឆ្នាំ​ ២០១៧​ ប្រឆាំង​ក្រុម​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​។​

បុគ្គលិក​លោក​ ម៉ា ចូ​ឡាយ ​បាន​និយាយ​ថា​ អ្នក​គ្រប់គ្រង​ការ​ធ្វើ​ដំណើរ​ម្នាក់​កំពុង​រៀបចំ​ការ​ធ្វើ​ដំណើរ​​រយៈពេល ​៥ ​ថ្ងៃ ​ទៅ​កាន់​ទីក្រុង​ឡាអេ​ ដែល​រួម​មាន​ការ​ធ្វើ​ទិដ្ឋាការ​ និង​ការ​ដឹក​ជញ្ជូន​ ជា​ផ្នែក​នៃ​កញ្ចប់​មួយ​មាន​តម្លៃ ​២ ១៥០ ​ដុល្លារ ​​ជា​អាត្រា​ដែល​ហាម​ប្រាម​សម្រាប់​មនុស្ស​ភាគ​ច្រើន​​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។​

លោកស្រី ​អ៊ុង​សាន ស៊ូ​ជី​ (ស្តាំ) ចាប់ដៃ​ជាមួយ​​លោក ​មូន ជេអុីន នៅក្នុងអំឡុង​ជំនួបអា​ស៊ាន-សាធារណ​រដ្ឋ​កូ​រ៉េ។ AFP

អ្នកស្រី​​ ​ផេនស៊ីឡូ ដ៏​​មាន​​ឥទ្ធិពល​​នៅ​ក្នុង​​​បណ្តាញ​សង្គម​​ និង​ពិធីករ​ទូរទស្សន៍​ល្បី​ឈ្មោះ​​លោក​ អឹម​ជី​ អឹមជី​ អាយី ​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម ​២០ ​នាក់ ​ឬ​ក្រុម​មនុស្ស​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​កិច្ច​សន្យា​នោះ​រួច​ជា​ស្រេច​។​

អ្នកស្រី​ ផេនស៊ីឡូ ​មាន​វ័យ ​២៩ ​ឆ្នាំ ​បាន​ថ្លែង​ប្រាប់ ​AFP កាល​ពី​ថ្ងៃ​សុក្រ​ថា​៖ «​ខ្ញុំ​ជឿ​ជាក់​ថា​ នេះ​គឺ​ជា​កាតព្វកិច្ច​របស់​យើង​ជា​ពលរដ្ឋ​មីយ៉ាន់ម៉ា​» ​ដោយ​បាន​ស្នើ​ឲ្យ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន ​ដែល​មាន​​​អ្នក​​គាំទ្រ​លោកស្រី​ចំនួន ​១,១ ​លាន​នាក់​ ដែល​មាន​បំណង​ចង់​ធ្វើ​រឿង​ដូច​គ្នា​នោះ​។​

«​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ដើម្បី​ឲ្យ​ពិភព​លោក​បាន​ដឹង​អំពី​ជន​រួម​ជាតិ​របស់​អ្នកស្រី​ គឺ​គាំទ្រ​អ្នកស្រី​យ៉ាង​ពេញ​ទំហឹង​»​។​

បុរសម្នាក់ ​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ​នៅ​ក្នុង​ជំរំ​ Kyauktalone នៅក្នុង​រដ្ឋរ៉ាក់ឃីន។ រូប AFP

ប្រទេស ​អាហ្វ្រិក​ខាង​លិច ​គឺ​ប្រទេស ​ហ្គំប៊ី​ នឹង​បើក​ករណី​សំណុំ​រឿង​ក្តី​របស់​ខ្លួន​នៅ​តុលាការ ​ICJ ​នៅ​ថ្ងៃ​ទី ​១០​ ខែ​ធ្នូ ក្នុង​នាម​​​តំណាង​ឲ្យ​ប្រទេស​សមាជិក​ចំនួន ​៥៧ របស់​អង្គការ​កិច្ច​សហប្រតិបត្តិការ​អ៊ិស្លាម ​(OIC)​។​

ប្រទេស​មូស្លីម​ភាគ​ច្រើន ​បាន​ចោទ​ប្រកាន់​​មីយ៉ាន់ម៉ា​ ពី​បទ​រំលោភ​បំពាន​សន្ធិសញ្ញា​ស្តីពី​កិច្ច​ព្រមព្រៀង​អំពើ​ប្រល័យ​ពូជសាសន៍​របស់ ​UN តាមរយៈ ​«​ប្រតិបត្តិការ​បោស​សម្អាត» ​ដោយ​​បង្ហូរ​ឈាម​ប្រឆាំង​សហគមន៍​រ៉ូហ៊ីងយ៉ា​របស់​ខ្លួន​កាល​ពី ​២ ​ឆ្នាំ​មុន​។​

ជន​រ៉ូហ៊ីងយ៉ា​ប្រហែល ​៧៤ ​ម៉ឺន​នាក់​ បាន​រត់​ភៀស​ខ្លួន​ចូល​ទៅ​ក្នុង​ជំរំ​ជា​ច្រើន​នៅ​បង់ក្លាដែស​ ដោយ​ពួក​គេ​បាន​និយាយ​ប្រាប់​អំពី​អំពើ​ឃាតកម្ម​ជា​ច្រើន​ដូច​ជា ​ការ​ចាប់​​រំលោភ​ និង​ការ​ដុត​បំផ្លាញ​ផ្ទះ​សំបែង​នៅ​ក្នុង​ភូមិ​របស់​ពួក​គេ​ជា​ដើម​៕ AFP/SK