ក្រុងខារទុំៈ ចលនាស៊ូដង់ដែលការតវ៉ារបស់ខ្លួន បានទម្លាក់ជនផ្តាច់ការ អូមារ-អាល់-បាសៀរ ដែលបានអំពាវនាវកាលពីថ្ងៃចន្ទឲ្យអ្នកគាំទ្របន្តប្រមូលផ្តុំនៅពេលយប់ ដើម្បីថ្កោលទោស «ការសម្លាប់រង្គាល» ទៅលើក្រុមបាតុករនៅក្រុងខារទុំ។
យោងតាមក្រុមវេជ្ជបណ្ឌិត និងសាក្សីបានឲ្យដឹងថា ក្រុមអ្នកតវ៉ារាប់ពាន់នាក់ ដែលបានបោះជំរំនៅខាងក្រៅទីបញ្ជាការយោធាក្រុងខារទុំអស់ជាច្រើនសប្តាហ៍ បានរងនូវការបង្ក្រាបយ៉ាងហិង្សា ដោយក្រុមខ្មាន់កាំភ្លើងក្នុងឯកសណ្ឋានយោធាកាលពីថ្ងៃទី ៣ ខែ មិថុនា ដោយបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់ និងរាប់រយនាក់ផ្សេងទៀតរងរបួស។
ការតវ៉ានោះត្រូវបានធ្វើឡើងអស់ ជាច្រើនសប្តាហ៍ ជាដំបូងដោយធ្វើការទម្លាក់លោក បាសៀរ ហើយក្រោយមកទៀតទាមទារឲ្យក្រុមឧត្តមសេនីយ៍យោធា ដែលបានទម្លាក់លោក អូមារ-អាល់-បាសៀរ នោះ ត្រូវប្រគល់អំណាចទៅឲ្យរដ្ឋបាលស៊ីវិលគ្រប់គ្រងជំនួសវិញ។
ការបោះជំរំតវ៉ា ត្រូវបានបំបែកទៅវិញ ក្រោយពីកិច្ចពិភាក្សារវាងសម្ព័ន្ធមិត្ត ដើម្បីសេរីភាព និងការផ្លាស់ប្តូរ ក្រុមចលនាតវ៉ាក្រោមឆត្រ និងក្រុមប្រឹក្សាយោធាអាជ្ញាកណ្តាលបានបរាជ័យ ជុំវិញការប្រគល់អំណាចទៅឲ្យស៊ីវិលគ្រប់គ្រងជំនួសវិញ។
យោងតាមក្រុមវេជ្ជបណ្ឌិតមានទំនាក់ទំនងជាមួយក្រុមចលនាតវ៉ា បានឲ្យដឹងថា មនុស្សយ៉ាងតិច ១២៨ នាក់បានស្លាប់ ចាប់តាំងពីមានការបង្ក្រាបកាលពីថ្ងៃទី ៣ ខែ មិថុនា ភាគច្រើន ត្រូវបានគេបោសសម្អាតនៅថ្ងៃតវ៉ានោះ។
ក្រសួងសុខាភិបាល បានដាក់ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសនៅថ្ងៃនោះត្រឹម ៦១ នាក់។
កាលពីថ្ងៃចន្ទ ក្រុមសម្ព័ន្ធមិត្តបានអំពាវនាវឲ្យធ្វើបាតុកម្មនៅពេលយប់នៅក្នុងតំបន់លំនៅឋាន៕ AFP/SK