ក្រុង​ខាទុំៈ​ ក្រុម​សាក្សី​ បាន​និយាយ​ថា ​កង​ទ័ព​ស៊ូដង់ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ជុំវិញ​ទី​បញ្ជាការ​​នានា​ក្នុង​ក្រុង​ខាទុំ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ​ ខណៈ​ក្រុម​អ្នក​តវ៉ា​រាប់​ពាន់​នាក់​ដែល​បាន​ជំរុញ​ឲ្យ​យោធា​ចូលរួម​អំពាវនាវ​ឲ្យ​មេ​ដឹកនាំ​ អូមារ- អាល់-បាសៀរ​​ លាលែង​ពី​តំណែង ​ បាន​ទប់ទល់​ជា​មួយ​នឹង​​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​​ដើម្បី​ធ្វើ​ការ​តវ៉ា​នៅ​ថ្ងៃ​ទី ​៣​។​

ចាប់​តាំង​ពី​ការ​តវ៉ា​បាន​ផ្ទុះ​ឡើង​នៅ​ទូទាំង​ប្រទេស ​ស៊ូដង់ ​កាល​ពី​ខែ​ធ្នូ​ ក្រុម​ភ្នាក់ងារ​ចារកម្ម​ជាតិ​ និង​សេវា​សន្តិសុខ ​(NISS) ដ៏​មាន​ឥទ្ធិពល​ និង​ប៉ូលិស​ប្រឆាំង​កុបកម្ម​ បាន​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​ទាំង​នោះ ​ប៉ុន្តែ​កង​ទ័ព​ មិន​បាន​ចេញ​មក​អន្តរាគមន៍​នោះ​ទេ​។​

ក្រុម​អ្នក​តវ៉ា​ចាប់​តាំង​ពី​ថ្ងៃ សៅរ៍​បាន​ចេញ​មក​ឡោមព័ទ្ធ​បន្ទាយ​ទាហាន​ ដែល​ជា​លំនៅឋាន​របស់​លោក​ប្រធានាធិបតី ​អូមារ- អាល់-បាសៀរ ​ និង​ក្រសួង​ការពារ​ជាតិ​ នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដ៏​ធំ​បំផុត​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​នោះ។​

ក្រុម​សាក្សី​​បាន​និយាយ​ថា ​​ទាហាន​កំពុង​ដាក់​របាំង​ការពារ​តាម​ផ្លូវ​ជា​ច្រើន​នៅ​ជិត​បរិវេណ​នោះ​ ក្រោយ​ពី​ក្រុម​កង​សន្តិសុខ​ NISS ​និង​ប៉ូលិស​ខកខាន​មិន​បាន​រារាំាង​លើ​ក្រុម​បាតុករ​ទាំង​នោះ​។​

ក្រុម​សាក្សី​​បាន​ប្រាប់​ AFP ​ថា ​រថយន្ត​ជា​ច្រើន​គ្រឿង​ដែល​បាន​ដឹក​ក្រុម​សមាជិក​ភ្នាក់ងារ​ចារកម្ម ​និង​ក្រុម​ប៉ូលិស​ប្រឆាំង​កុបកម្ម​ដែល​បាន​មក​ដល់​ក្នុង​ពេល​​ថ្មី​ បាន​នៅ​កន្លែង​តវ៉ា​ នោះ​កាល​ពី​ថ្ងៃ​ចន្ទ​​។​

សាក្សី​​ម្នាក់ ​បាន​និយាយ​នៅ​​​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា​៖ «បន្ទាប់​ពី​ពេល​នោះ​មក ​ក្រុម​កង​កម្លាំង​សន្តិសុខ ​បាន​ចាប់​​ផ្តើម​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​»​។​

ក្រុម​សាក្សី​​បាន​និយាយ​ទៀត​ថា ​សំឡេង​គ្រាប់​កាំភ្លើង​ជា​ច្រើន​គ្រាប់ ត្រូវ​បាន​លាន់​ឮ​ឡើង​ ​ប៉ុន្តែ​សំឡេង​គ្រាប់​កាំភ្លើង​ទាំង​នោះ​ មិន​ត្រូវ​បាន​ដឹង​ថា ​ថា​តើ​អ្នក​ណា​គឺ​ជា​អ្នក​បាញ់​នោះ​ទេ​៕ AFP/SK