ក្រុង​អេក្វាទ័រ៖ ​ក្រុម​អ្នក​តវ៉ា​អេក្វាទ័រ ​បាន​សម្រុក​ចូល​ទៅ​ក្នុង​អគារ​សភា​របស់​ប្រទេស​នេះ​ កាល​ពី​ថ្ងៃ​ចន្ទ​ ខណៈ​ការ​ធ្វើ​បាតុកម្ម​នានា​ជុំវិញ​ការ​ដំឡើង​ថ្លៃ​ប្រេង​ខ្ពស់​ ដែល​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​​ លីនីន​ ម៉ូរីណូ​។​

ការ​ធ្វើ​បាតុកម្ម​ ពួក​គេ​ភាគ​ច្រើន​ជា​បុរស​ជនជាតិ​ដើម​អេក្វាទ័រ​ ដោយ​ដៃ​កាន់​ដំបង​ និង​ព្រនង់ ​បាន​នាំ​គ្នា​បុក​ទម្លុះ​កងកម្លាំង​សន្តិសុខ​នៅ​ទី​នោះ​។​

ពួក​គេ​បាន​ប្រញាប់​ប្រញាល់​ចូល​ទៅ​ក្នុង​បន្ទប់​ប្រជុំ​ ហើយ​បាន​កាន់​កាប់​វេទិកា​នៅ​ក្នុង​សភា​ ប៉ុន្តែ​ភ្លាមៗ​នោះ​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​កងកម្លាំង​សន្តិសុខ​។​

បន្ទាប់​មក​លោក​ ម៉ូរីណូ ​បាន​ចេញ​បញ្ជា​ឲ្យ​ដាក់​បម្រាម​គោចរ​នៅ​ពេល​យប់​ ដើម្បី​ការពារ​អគារ​សាធារណៈ ​នានា​នៅ​ក្នុង​ទីក្រុង​។​

ការ​ប៉ះ​ទង្គិច​ជា​ច្រើន​លើក​រវាង​​កងកម្លាំង​សន្តិសុខ​ និង​ក្រុម​អ្នក​តវ៉ា​នៅ​ខាង​ក្រៅ​សភា ​បាន​ផ្ទុះ​ឡើង ​ខណៈ​ក្រុម​បាតុករ​រាប់​ពាន់​នាក់ ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​រដ្ឋធានី​គីតូ​ ដើម្បី​តវ៉ា​ប្រឆាំង​​ការ​ដំឡើង​ថ្លៃ​ប្រេង​កាន់​តែ​ខ្លាំង​ឡើង​នៅ​កន្លែង​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ។​

កាល​ពី​ពេល​កន្លង​ទៅ​ ក្រុម​បាតុករ​បាន​ព្យាយាម​វាយ​ប្រហារ​ទៅ​លើ​​អគារ​នោះ​ ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​ លោក ​ ម៉ូរីណូ​ បាន​ប្រកាស​ឲ្យ​ដាក់​រដ្ឋ​ក្នុង​គ្រា​​អាសន្ន​ ដោយសារ​មាន​ការ​តវ៉ា​នៅ​ទូទាំង​ប្រទេស​កាល​ពី​សប្តាហ៍​មុន​ ហើយ​បាន​ដូរ​ការិយាល័យ​រដ្ឋាភិបាល​មួយ​ចំនួន​ទៅ​កាន់​ទីក្រុង​ឆ្នេរ​សមុទ្រ​ហ្គៃយ៉ាហ្គីល​ជំនួស​វិញ​។​

ការ​តវ៉ា​អស់​ជា​ច្រើន​ថ្ងៃ​ប្រឆាំង​ការ​ដំឡើង​ថ្លៃ​ប្រេង​ បាន​កាត់​បន្ថយ​ការ​ផលិត​​ប្រេង​របស់​ប្រទេស ​អាហ្វ្រិក ​មួយ​​នេះ ​នៅ​ត្រឹម ​៣ ​ភាគរយ​។​

ក្រសួង​ថាមពល​បាន​ថ្លែង​ថា ​ការ​ផលិត​ប្រេង​បាន​ធ្លាក់​ចុះ ​៣១ ​ភាគរយ​ ក្រោយ​ពី​ក្រុម​បាតុករ​បាន​កាន់​កាប់​រោងចក្រ​ផលិត​ប្រេង ​៣ ​កន្លែង ​នៅ​ក្នុង​តំបន់​ Amazon​។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ក្រសួង​នោះ​បាន​ថ្លែង​ថា ​ការ​ផលិត​ប្រេង​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ក្រុមហ៊ុន​ Petroamazonas ​គ្រប់គ្រង​ដោយ​រដ្ឋ​ «ការ​ផលិត ​នឹង​ឈាន​ដល់ ​១៦៥ ពាន់​​បារ៉ែល ​ក្នុង​មួយ​ថ្ងៃ​»​។ ​

ប្រទេស​ អេក្វាទ័រ ​ដែល​បាន​​ដក​ខ្លួន​ចេញ​ពី​ក្រុម​ប្រទេស​ផលិត​​ប្រេង​អន្តរជាតិ​ OPEC ​កាល​ពី​សប្តាហ៍​មុន​ ដោយ​លើក​ឡើង​អំពី​កម្រិត​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ ជា​ធម្មតា​ផលិត​បាន​ចំនួន​ ៥៣១ ​០០០ ​បារ៉ែល ​ក្នុង​មួយ​ថ្ងៃ​៕ AFP/SK