កាល​ពី​ថ្ងៃ​អង្គារ​ទី​ ១២ វិទ្យាស្ថាន​ Butantan ប្រទេស​ប្រេស៊ីល​ បាន​ប្រកាស​ថា​វ៉ាក់សាំង​ជំងឺ​កូវីដ ១៩ CoronaVac ផលិត​ដោយ​ក្រុមហ៊ុន​ចិន​ Sinovac Biotech មាន​ប្រសិទ្ធភាព​ត្រឹម​តែ​ ៥០.៤​%​ ប៉ុណ្ណោះ​ ដែល​ទាប​ជាង​អត្រា​ប្រសិទ្ធភាព​រាយការណ៍​ពី​មុន​ៗ​។

ប្រេស៊ីល​ គឺ​ជា​ប្រទេស​ដែល​ធ្វើ​រួចរាល់​ការ​សាកល្បង​វ៉ាក់សាំង​នេះ​ដំណាក់​កាល​ចុង​ក្រោយ​មុន​គេ​ តែ​បាន​ពន្យារ​ការ​ចេញ​លទ្ធផល​ចំនួន​បី​ដង​ ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​លើ​តម្លា​នៃ​ការ​សាកល្បង​។ កាល​ពី​សប្ដាហ៍​មុន​ វិទ្យាស្ថាន​ Butantan បាន​ប្រកាស​ថា​វ៉ាក់សាំង CoronaVac គឺ​មាន​ប្រសិទ្ធភាព​ ៧៨%​ ខុស​ពី​ប្រសិទ្ធភាព​ដែល​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​។

រីឯ​នៅ​តួកគី​វិញ​ កាល​ពី​ខែ​ធ្នូ ២០២០ អាជ្ញាធរ​បាន​សន្និដ្ឋាន​ថា​វ៉ាក់សាំង​ដដែល​នេះ​គឺ​មាន​ប្រសិទ្ធភាព​ ៩១.២៥% ដែល​ស្រដៀង​នឹង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​លោក​ខាង​លោក​ខាង​លិច​ដែល​ផលិត​ដោយ Pfizer/BioNTech និង​ Moderna ជា​ដើម​។

ប្រទេស​ឥណ្ឌូណេស៊ី​ កាល​ពី​ថ្ងៃ​ចន្ទ បាន​ក្លាយ​ជា​ប្រទេស​ទី​មួយ​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ ដែល​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ CoronaVac ក្នុង​គ្រា​អាសន្ន ដោយលើ​​ផ្អែក​ការ​សន្និដ្ឋាន​ពី​ទិន្នន័យ​បឋម​ថា​មាន​ប្រសិទ្ធភាព ៦៥,៣%​៕