ក្រុងរីយ៉ាដៈ ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ក្រុង​រីយ៉ាដ​ បាន​និយាយ​ថា ​ការ​វាយ​ប្រហារ​របស់​ក្រុម​ឧទ្ទាម​យេម៉ែន​ទៅ​លើ​​​ព្រលាន​យន្តហោះ​ស៊ីវិល​មួយ​នៅ​អារ៉ាប៊ី ​សាអ៊ូឌីត ​បាន​បណ្តាល​ឲ្យ​ជនជាតិ​ស៊ីរី​ម្នាក់​ស្លាប់​ និង​​ជន​ស៊ីវិល​ ២១ ​នាក់​ផ្សេង​ទៀត​រងរបួស​ ជា​ការ​ឡើង​កម្តៅ​ថ្មី​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​ទៅ​លើ​ទីតាំង​នោះ​មក​​។​

ការ​វាយ​ប្រហារ​ទៅ​លើ​ព្រលាន​យន្តហោះ​ Abha ​ដែល​ក្រុម​ចម្រុះ​បាន​និយាយ​ថា ​បាន​បង្ក​ឲ្យ​ហាង​នំ​ដូណាត់​មួយ​ពោរពេញ​ដោយ​អំបែង​កញ្ចក់​ និង​រថយន្ត​ ១៨ ​គ្រឿង ​ខូចខាត​ បាន​កើត​ឡើង​ស្រប​ពេល​មាន​ភាព​តានតឹង​នៅ​ក្នុង​តំបន់​ជាមួយ​អ៊ីរ៉ង់។

ការ​វាយ​ប្រហារ​របស់​ក្រុម​ឧទ្ទាម​ហ៊ូធី​មាន​សម្ព័ន្ធមិត្ត​ជាមួយ​អ៊ីរ៉ង់​ ទៅ​លើ​ក្រុង​ជា​ច្រើន ​បាន​គំរាម​កំហែង​ដល់​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​កំពង់ផែ​ហូដេដា​ ជា​កំពង់ផែ​មួយ​​សម្រាប់​ដឹក​ជញ្ជូន​ជំនួយ​មនុស្ស​ធម៌​ដ៏​សំខាន់​ សម្រាប់​ប្រទេស​ដែល​​ហែកហួរ​ទៅ​ដោយ​សង្គ្រាម​មួយ​នេះ​។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ទីភ្នាក់ងារ​សារព័ត៌មាន​អារ៉ាប៊ី​ សាអ៊ូឌីត ​ទទួល​បាន ​ក្រុម​ចម្រុះ​បាន​និយាយ​ថា​៖ «​ការ​វាយ​ប្រហារ​ភេវកម្ម​របស់​កង​ជីវពល​ហ៊ូធី​ ដឹក​នាំ​ដោយ​អ៊ីរ៉ង់​ទៅ​លើ​ព្រលាន​យន្តហោះ​ Abha ​បាន​បណ្តាល​ឲ្យ​អ្នក​ស្រុក​ស៊ីរី​ម្នាក់ ​និង​ជន​ស៊ីវិល ​២១ ​នាក់​ទៀត​​ស្លាប់​»។

ក្រុម​ចម្រុះ​នោះ​ បាន​បន្ថែម​ថា ​ក្រុម​អ្នក​រង​របួស​មក​ពី​ប្រទេស ​អារ៉ាប៊ី ​សាអ៊ូឌីត ​អេហ្ស៊ីប ​ឥណ្ឌា ​និង​បង់ក្លាដែស​ ដែល​ក្នុង​នោះ​មាន​ស្ត្រី​ ៣ នាក់ ​និង​ក្មេង ​២ នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ​

ក្រុម​ចម្រុះ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ថា ​តើ​ព្រលាន​យន្តហោះ​ ត្រូវ​​វាយ​ប្រហារ​បែប​ណា​ទេ ​ប៉ុន្តែ​ក្រុម​ឧទ្ទាម​ហ៊ូធី​បាន​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​ និង​មីស៊ីល​៕ AFP/PSA