ក្រុង​សាណា៖ ​រដ្ឋមន្ត្រី​ព័ត៌មាន​យេម៉ែន​លោក ​មួមម៉ា ​អ៊ីរ៉ានី ​បាន​ថ្លែង​ថា​​ ស្ត្រី​យ៉ាង​តិច ​៦ ​នាក់​ និង​អ្នក​ទោស​ស្ត្រី ​២៨ ​នាក់​ ផ្សេង​ទៀត​បាន​រង​របួស​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ការ​វាយ​ប្រហារ​​កាំភ្លើង​ធំ​របស់​ក្រុម​ជីវពល​ហ៊ូធី​​ទៅ​លើ​ពន្ធនាគារ​មួយ​នៅ​​ក្នុង​ក្រុង​ប្រទេស​ យេម៉ែន​។

លោក ​​អ៊ីរ៉ានី ​បាន​ថ្លែង​នៅ​លើ​គេហទំព័រ​ធ្វីធើរ​ថា៖ ​«​យើង​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​សម្លាប់​រង្គាល​ ដែល​បាន​ធ្វើ​ដោយ​កង​ជីវពល​ហ៊ូធី​ដោយ​បាន​វាយ​ប្រហារ​ទៅ​លើ​ពន្ធនាគារ​នៅ​ក្នុង​ក្រុង​តៃ​ចំនួន ​៨ ​គ្រាប់ ​ដែល​យោង​តាម​របាយការណ៍​ពី​ដំបូង បង្ក​​ឲ្យ​ស្ត្រី ៦ ​នាក់​ស្លាប់​ និង​ក្មេង​ម្នាក់​ដែល​ទៅ លេង​ម្តាយ​របស់​នាង​ និង ​២៨ នាក់​ផ្សេង​ទៀត​រង​របួស​»។​​

ក្រុម​អ្នក​ស្រុក ​និង​ពេទ្យ​ទាហាន​បាន​និយាយ​ថា ​ការ​វាយ​​ប្រហារ​នោះ ​បាន​កើត​ចេញ​ពី​ផ្លូវ​ទី ​៥០​ នៅ​ជាយ​ក្រុង​តៃ​ ជា​ទី​ដែល​ក្រុម​ជន​សកម្ម​យុទ្ធជន​ហ៊ូធី​ឈរ​ជើង។ ​

ពន្ធនាគារ​កណ្តាល​ស្ថិត​នៅ​ក្នុង​តំបន់​អា​លើ​ដាបាប​ នៅ​ក្នុង​ក្រុង​តៃ​ភាគ​ខាង​ត្បូង។​

ក្រុងតៃ​ជា​ក្រុង​ធំ​ទី ៣ ​របស់​ប្រទេស​នេះ​ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល ​ខណៈ​ដែល​​នៅ​ជាយ​ក្រុង​នេះ សម្បូរ​ដោយ​ភ្នំ​ព័ទ្ធ​ជុំវិញ​ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម​ហ៊ូធី​។​

ប្រទេស​ យេម៉ែន​ បាន​ជាប់​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ ចាប់​តាំង​ពី​ចុង​ឆ្នាំ ​២០១៤​ នៅ​ពេល​ក្រុម​ឧទ្ទាម​ហ៊ូធី​គាំទ្រ​ដោយ​អ៊ីរ៉ង់ ​បាន​កាន់​កាប់​ភាគ​ច្រើន​នៃ​ទឹក​ដី​ខាង​ជើង​របស់​ប្រទេស​នេះ ​និង​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​គាំទ្រ​ដោយ​អន្តរជាតិ​របស់​លោក​ប្រធានាធិបតី​អាប់​ រ៉ាប់ប៊ុម៉ានសួរ​ ហាឌី ​ភៀស​ខ្លួន​ចេញ​ពី​រដ្ឋធានី​សាណា​។​​

ប្រេសិត​ពិសេស ​UN​ ប្រចាំ​នៅ​យេម៉ែន​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​លោក​បាន​ចូលរួម​ការ​ចរចា​ជាមួយ​ភាគី​សង្គ្រាម​របស់​ប្រទេស​នេះ​ ដើម្បី​ធានា​ឲ្យ​មាន​បទ​ឈប់​បាញ់​នៅ​ទូទាំង​ប្រទេស​ ដើម្បី​ជួយ​ប្រឆាំង​ការ​គំរាម​កំហែង​ពី​វីរុស​កូរ៉ូណា​៕ Xinhua/PSA