ខេត្ត Ontario និង​ខេត្ត Alberta ប្រទេស​កាណាដា នឹង​ពង្រីក​ការប្រើប្រាស់​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca ដោយ​បង្កើន​សិទ្ធិ​ទទួល​វ៉ាក់សាំង សម្រាប់​បុគ្គល​អាយុ​លើស ៤០ ឆ្នាំ ខណៈ​ពេល​ខេត្ត​ទាំង ២ នេះ កំពុង​ប្រឈម​នឹង​ការកើនឡើង​ករណី​ឆ្លង​យ៉ាងខ្លាំង។

អ្នកនាំពាក្យ​របស់​ក្រសួង​សុខាភិបាល​ខេត្ត Ontario លោកស្រី Alexandra Hilkene បាន​និយាយថា ការចាក់​វ៉ាក់សាំង​នេះ​នឹង​ត្រូវ​ផ្ដល់ជូន​នៅតាម​ឱសថស្ថាន ហើយ​បាន​និយាយ​ថា ការសម្រេច​នេះ​គឺ​ធ្វើ​ឡើង ផ្អែកលើ​ការ «ផ្គត់ផ្គង់​បច្ចុប្បន្ន» នៃ​វ៉ាក់សាំង។

ប៉ុន្មាន​ម៉ោង បន្ទាប់ពី​ការប្រកាស​របស់​ខេត្ត Ontario នាយករដ្ឋមន្ត្រី​ខេត្ត Alberta លោក Jason Kenneyបានប្រកាស​ថា ខេត្ត​នេះ​នឹង​បាន​បន្ទាប​អាយុ​អប្បបរមា​ដែលមាន​សិទ្ធិ​ទទួល​វ៉ាក់សាំង ពី ៥៥ ឆ្នាំ មក ៤០ ឆ្នាំ។

មុនពេល​ការប្រកាស​របស់ Ontario វ៉ាក់សាំង​នេះ​អាច​ប្រើ​បាន​សម្រាប់តែ​មនុស្ស​ដែល​មាន​អាយុ​លើសពី ៥៥ ឆ្នាំ ស្របតាម​ការណែនាំ​ពី​ក្រុមប្រឹក្សា​ជាតិ​ការចាក់​វ៉ាក់សាំង (NACI) កាលពី​ខែ​មីនា ដែលជា​ការប្រុងប្រយ័ត្ន​នឹង​ករណី​កកឈាម​កម្រ ក្នុង​បុគ្គល​វ័យក្មេង។

ទោះយ៉ាងណា កាលពី​ថ្ងៃ​អាទិត្យ រដ្ឋាភិបាល​សហព័ន្ធ​កាណាដា​បាន​និយាយថា ខេត្ត​ និង​ដែនដី មាន​សេរីភាព​ក្នុង​ការពង្រីក​សិទ្ធិ​ទទួល​វ៉ាក់សាំង AstraZeneca ចំពោះ​មនុស្ស​ពេញវ័យ ដែល​មាន​អាយុ​លើសពី ១៨ ឆ្នាំ ខណៈ​ដែល​ឱសថការី​មួយ​ចំនួន បាន​និយាយថា ដូស​ជាច្រើន​មិន​ត្រូវបាន​ប្រើប្រាស់ ដោយសារ​តែ​ការកំណត់​អាយុ​ខាង​លើ​នេះ។

ខេត្ត Ontario បច្ចុប្បន្ន​កំពុង​ប្រឈមមុខ​ជាមួយ​នឹង​រលក​ទី ៣ នៃ​ការរាតត្បាត​ជំងឺ​កូវីដ១។ ខេត្ត​នេះ​បាន​រាយការណ៍​ករណី​ឆ្លង​កូវីដ១៩ថ្មី​ចំនួន ៤ ២៥០ ករណី និង​មាន​អ្នកស្លាប់ ១៨ នាក់​ទៀត កាលពី​ថ្ងៃ​អាទិត្យ៕