ក្រុងបាងកកៈ ការសម្រេច​ចិត្ត​របស់​ឡាវ​ផ្អាក​ការវិនិយោគ​ទំនប់​វារី​អគ្គិសនី និង​សើ​រើ​គម្រោង​ចាស់ៗ​ឡើង​វិញ ត្រូវ​បាន​សាទរ ដោយ​អ្នក​ឃ្លាំ​មើល​ទន្លេ​មេគង្គ កាល​ពី​ថ្ងៃ​ពុធ​ក្រោយ​ពី​បាក់​ទំនប់​វារីអគ្គិសនី​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​បាន​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ភូមិ​ជា​ច្រើន​កាល​ពី​ខែ​មុន។

គម្រោង​កសាង​ទំនប់​វា​រី​អគ្គិស​នី​ប្រកបដោយ​មហិច្ឆតា​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ នៅ​ក្នុង​អាង​ទន្លេ​មេគង្គ បាន​ស្ថិត​នៅ​ក្រោម​ការ​រិះគន់​ថ្មីៗ ចាប់​តាំង​ពី​មហន្តរាយ​នោះ​បាន​ជន់​លិច​មួយ​ភាគ​ធំ​នៃ​ប្រទេស​នេះ បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច ៣៥ នាក់​ស្លាប់ ដោយ​មនុស្ស​ជាច្រើន​នាក់​ទៀត​នៅ​បាត់​ខ្លួន​ប៉ុន្មាន​សបា្តហ៍ ក្រោយ​ពី​ឧប្បត្តិ​ហេតុ​នោះ​កើត​ឡើង។

កាលពី​ដើមខែ​នេះ ប្រទេស​ឡាវ​បាន​និយាយថា គម្រោង​ទំនប់​វា​រី​អគ្គិសនី​ចាស់ នឹងត្រូវ​សើរើ​ឡើង​វិញ និង​ការ​វិនិយោគ​ថ្មីៗ​ត្រូវ​ផ្អាក ជា​ការ​សម្រេច​ចិត្ត​មួយ​ដែល​គណៈ​កម្មការ​ទន្លេ​មេគង្គ( MRC) អបអរ​ថា​ជាការ​រីក​ចម្រើន​ទៅ​មុខ។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ប្រធាន​គណៈកម្មការ​លោក Pham Tuan Phan បាន​ថ្លែងថា៖ «យើង​ស្វាគមន៍​ដល់​ការ​សម្រេច​ចិត្ត និង​គំនិត​ផ្តួចផ្តើម​សើរើ​គម្រោង​ទំនប់​វារី​អគ្គិសនី​នោះ​ឡើង​វិញ។ MRC មាន​អ្នក​តំណាង​មក​ពី​ប្រទេស​កម្ពុជា​ឡាវ​វៀតណាម និង​ថៃ ជា​ប្លុក​មួយ​ដែល​ឆ្លង​កាត់​ដោយ​ទន្លេ​មេគង្គ​ដែល​ប្រជាជន​រាប់​លាន​នាក់​រស់​នៅ​ពឹង​ផ្អែក​លើ​ទន្លេ​នេះ។

សមាជិក MRC ទាំងអស់​ត្រូវតម្រូវ​ឲ្យ​ពិគ្រោះ​យោបល់ និង​ឯកភាព​ទៅលើ​ការសាងសង់​ថ្មី​ណា​មួយ​នៅ​តាម​បណ្តោយ​ទន្លេ​មេគង្គ​នេះ ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​និយាយ​ថា គណៈ​កម្មការ​នេះ​គ្មាន​អំណាច​ទេ ហើយ​គម្រោង​ជា​ច្រើន​បាន​ដំណើរការ​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ។

ទំនប់​វា​រី​អគ្គិសនី Xe-Namnoy មាន​តម្លៃ ១,២ ពាន់​លាន​ដុល្លារ ជាការ​រកស៊ី​រួមគ្នា​រវាង​ក្រុមហ៊ុន​កូរ៉េខាងត្បូង ថៃ និង​ឡាវ បាន​បាក់​កាល​ពី​ថ្ងៃ​ទី ២៣ ខែ​កក្កដា ក្រោយ​ពី​ភ្លៀង​ធ្លាក់ យ៉ាង​ខ្លាំង​នោះ៕