ក្រុងបាងកកៈ យោងតាម​ផែនទី​ផ្លូវ​កំណត់​ដោយ​គណៈ​កម្មការ​រៀបចំ​ការ​បោះ​ឆ្នោត (EC) បាន​ឲ្យ​ដឹង​ថា ការ​បោះ​ឆ្នោត​ទូទៅ​ទំនង​ជា​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ឆ្នាំ​ក្រោយ។

លោក Natt Laosisavakul អគ្គលេខាធិការរង EC បានបង្ហាញ​សេចក្តីព្រាង​ផែនការ​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​មាជិក​សភា និង​សមាជិក​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃ​សៅរ៍។

នៅក្រោម​រដ្ឋធម្មនុញ្ញ ការបោះឆ្នោត​សមាជិក​ព្រឹទ្ធសភា នឹងត្រូវ​បញ្ចប់​យ៉ាង​តិច ១៥ ថ្ងៃ​នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​សភា។ ការ​បោះ​ឆ្នោត​នេះ នឹង​ត្រូវ​បាន​ធ្វើ​ឡើង សម្រាប់​បេក្ខជន​ព្រឹទ្ធសភា ២០០ រូប ដែល​ត្រូវ​ឲ្យ​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​ជ្រើស​រើស ៥០ នាក់​ដោយ​របប​យោធា។

លោក បាន​ថ្លែងថា ប្រសិនបើ​សេចក្តីព្រាង​ច្បាប់បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នោះ​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​កាសែត​ភូមិន្ទ​នៅ​ថ្ងៃ​ទី ១៣ ខែ​កញ្ញា​នោះ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​បន្ទាប់។

បច្ចុប្បន្ននេះ សេចក្តីព្រាង​ច្បាប់បោះឆ្នោត​ជ្រើស​សមាជិក​ព្រឹទ្ធសភា និង​សមាជិកសភា កំពុង​ត្រូវ​បាន​ព្រះមហា​ក្សត្រ​ពិនិត្យ ដែល​មាន​រយៈពេល ៩០ ថ្ងៃ ដើម្បី​អនុម័ត។

នៅពេល​ច្បាប់បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ចូល​ជាធរ​មាននៅ​ថ្ងៃទី ១៤ ខែ​កញ្ញា​នោះ EC នឹង​រក​ម៉ាស៊ីន​បោះ​ពុម្ព​នៅ​ក្នុង​ខែ​វិច្ឆិកា​ហើយ​សន្លឹក​ឆ្នោត នឹង​ត្រូវ​បាន​បោះពុម្ព​ចេញ​នៅ​ខែធ្នូ៕