ក្រុងហ្ស៊េរុយសាឡិមៈ យោធាបាននិយាយថា គណៈប្រតិភូកងទ័ពអីុស្រាអែលមួយក្រុមបានធ្វើដំណើរទៅក្រុងម៉ូស្គូកាលពីថ្ងៃអង្គារ ដើម្បីពន្យល់សមភាគីរុស្ស៊ីរបស់ពួកគេអំពីកិច្ចប្រតិបត្តិការនានា ក្នុងគោលបំណងបំផ្លាញរូងក្រោមដីរបស់ក្រុមឧទ្ទាមហេសបូឡាហ៍ដែលជីកចេញពីប្រទេសលីបង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធានោះ បានថ្លែងថា៖ «គណៈប្រតិភូកងទ័ពអីុស្រាអែលនោះ មានមន្ត្រីជាន់ខ្ពស់ជាច្រើនរូប និងដឹកនាំដោយប្រមុខយោធាលោក ឧត្តមសេនីយ៍ Aharon Haliva បានឡើងយន្តហោះទៅកាន់ក្រុងម៉ូស្គូនៅថ្ងៃអង្គារនេះ»។
សេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារនោះ បានឲ្យដឹងថា៖ «នៅអំឡុងដំណើរទស្សនកិច្ចពេញ មួយថ្ងៃ គណៈប្រតិភូនោះ បានពន្យល់សមភាគីរុស្ស៊ីរបស់ពួកគេ អំពីកិច្ចប្រតិបត្តិការមួយដែលមានឈ្មោះថា «Northern Shield» និងកិច្ចប្រតិបត្តិការជាច្រើនទៀត»។
សេចក្តីប្រកាសនោះ បានកើតឡើង ក្រោយពីមានការសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតានីយ៉ាហ៊ូ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌី មៀរ ពូទីន។
កាលពីថ្ងៃពុធ កងទ័ពអីុស្រាអែល បានបើកកិច្ចប្រតិបត្តិការមួយមានឈ្មោះថា Northern Shield ដើម្បីកម្ទេចរូងក្រោមដីទាំងនោះ ដូចដែលខ្លួនបាននិយាយថា រូងក្រោមដីទាំងនោះ ត្រូវបានជីកនៅក្រោមព្រំដែន ដោយក្រុមជនសកម្មប្រយុទ្ធហេសបូឡាហ៍ ចេញពីប្រទេស លីបង់ លួចចូលទឹកដីអ៊ីស្រាអែល។
ចំណងទំនាក់ទំនងរវាងអីុស្រាអែល និងរុស្ស៊ី មានភាពរកាំរកូស ចាប់តាំងពីឧប្បត្តិហេតុបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនមួយគ្រឿងរបស់រុស្ស៊ី កាលពីទីថ្ងៃ ១៧ ខែ កញ្ញា ឆ្នាំ ២០១៧ ដោយបណ្តាលឲ្យមនុស្ស ១៥ ស្លាប់៕