ក្រុងយ៉ាំងហ្គោនៈ កាល​ពី​ថ្ងៃ​សៅរ៍ ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រ៉ូហ៊ីងយ៉ា បាន​រិះគន់​គម្រោង​មាតុ​ភូមិ​និវត្តន៍​ជន​ភៀស​ខ្លួន​មួយ​សម្រាប់​ក្រុម​ជន​ភៀសខ្លួន​ពី​បង់ក្លាដែស ទៅ​មីយ៉ាន់ម៉ា​គ្រោង​ចាប់ផ្តើម​នៅ​សប្តាហ៍​នេះ ដោយ​បាន​និយាយ​ថា​គម្រោង​នេះ​មាន​បំណង​ធ្វើ​ឲ្យ​ជន​ភាគ​តិច​មូស្លីម​ជាប់​នៅ​ក្នុង​ជំរំ​រយៈពេល​យូរ ខណៈ​ដីដូន តា​របស់​ពួកគេ​ត្រូវ​គេ​រឹប​អូស។

បង់ក្លាដែស និង​មីយ៉ាន់ម៉ា​បាន​ព្រម​ព្រៀង​បញ្ជូន​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ប្រហែល ៧៥០ ០០០ នាក់ ដែល​បាន​មក​ដល់ ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ ២០១៦ ត្រឡប់​ទៅវិញ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ ជា​ដំណើរការ​មួយ​ដែល​ត្រូវ​បាន​គ្រោង​ចាប់ផ្តើម​យ៉ាង​យូរ​បំផុត​មិន​ហួស​ពី​ថ្ងៃ​អង្គារ​ទេ។

ប៉ុន្តែ​កិច្ចព្រមព្រៀង​នោះ ត្រូវ​បាន​ទាត់​ចោល ដោយ​ក្រុម​ជន​ចំណាក​ស្រុក ដែល​និយាយ​ថា​ពួកគេ​មិន​ចង់​វិល​ត្រឡប់​ទៅ រដ្ឋ​រ៉ាក់ឃីន​ទេ ក្រោយ​ពី​ភៀស​ខ្លួន​ចេញ​ពី​អំពើ​ឃោរ​ឃៅ​នានា​នៅ​ក្នុង​នោះ មាន​ឃាតកម្ម​ចាប់​រំលោភ និង​ការ​ដុត​បំផ្លាញ​ផ្ទះសំបែង​របស់​ពួកគេ។

ក្រុម​សិទ្ធិមនុស្ស និង​អង្គការ​សហប្រជាជាតិ​និយាយ​ថា ការ​ធ្វើ​មាតុភូមិ​និវត្តន៍ ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រចិត្ត​ជាមួយ​នឹង​សុវត្ថិភាព​ត្រូវ​បាន​ធានា​នៅ​ក្នុង​រដ្ឋ​មួយ​ជាទី​ដែល​ការ​ស្អប់​នៅ​តាម​សហគមន៍​នៅ​តែ​កើន​ឡើង​ខ្ពស់។

កង្វល់​ជាច្រើន ក៏​បាន​និង​កំពុង​កើន​ឡើង​ជុំវិញ​ស្ថានភាព​នានា​នៅ​ក្នុង​មីយ៉ាន់ម៉ា ជាទី​ដែល​ភូមិ​រ៉ូហ៊ីងយ៉ា​រាប់រយ ត្រូវ​រុះរើ​បំផ្លាញ​ចោល​ដោយ​ក្រុម ទាហាន និង​ហ្វូង​មនុស្ស​កាន់​ព្រះពុទ្ធ​សាសនា ដោយ​មាន​ការ​ភ័យខ្លាច​ថា ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ជាច្រើន​នាក់ នឹង​ត្រូវ​ជាប់​នៅ​តាម​ជំរំ​ជាច្រើន​រយៈពេល​យូរ​នោះ៕