ក្រុង​ប៉េ​កាំងៈ លោក​ គីម​ ជុងអ៊ុន​ បាន​ប្រកាស​ចំណង​មិត្ត​ភាព​សាមគ្គី​ភាព ​និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​គ្មាន​ដែន​កំណត់​របស់​កូរ៉េ​ខាង​ជើង ​ជា​មួយ​ក្រុង​ប៉េ​កាំង​ នៅ​ក្នុង​អំឡុង​ទស្សន​កិច្ច​លើក​ទី៣​របស់​លោក​ទៅ​កាន់​ប្រទេស​ចិន​នា​ឆ្នាំ​នេះ ​ដែល​ជា​ការ​បង្ហាញ​ភាព​ស្មោះ​ត្រង់​ចំពោះ​ភាព​សម្ព័ន្ធ​មិត្ត​សំខាន់​របស់​លោក​ បន្ទាប់​ពី​ជំនួប​កំពូល​ជា​ប្រវត្តិ​សាស្ត្រ​ ជា​មួយ​ប្រធានា​ធិបតី​អាមេ​រិក​លោក​ ដូ​ណាល់​ ត្រាំ។

ទស្សន​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ ​ដែល​ត្រូវ​ចប់​នៅ​ថ្ងៃ​ពុធ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​ធានា​ចំពោះ​ក្រុង​​ប៉េ​កាំង​ថា​ក្រុង​ព្យុង​យ៉ាង​ នឹង​មិន​បោះ​បង់​ផល​ប្រយោជន៍​របស់​ខ្លួន​ខណៈ​លោក​ត្រាំ​ និង​អ្នក​ប្រើ​អំណាច​ផ្តាច់​ការ​វ័យ​ក្មេង​ កំពុង​​​ដើរ​ចូល​ក្នុង​ភូមិ​សាស្ត្រ​ការ​ទូត​ថ្មី​នេះ​។

ការ​បំពេញ​មុខ​ងារ​នេះ​ គឺ​ជា​ផ្នែក​នៃ​សកម្ម​ភាព​ប្រកប​ដោយ​តុល្យ​ភាព​មួយ​សម្រាប់​លោក​គីម ជុង​អ៊ុន ​ដែល​ក្រុម​អ្នក​វិភាគ​និយាយ​ថា​ កំពុង​ប្រឹង​ប្រែង​ទាញយក​​ផល​ប្រយោជន៍​ពី​អាមេ​រិក ​និង​ចិន ​​ខណៈ​រក្សា​ការ​ទំនាក់​ទំនង​ល្អ​ជា​មួយ​ក្រុង​ប៉េ​កាំង​ ជា​អ្នក​ជួយ​ទ្រ​ទ្រង់​សេដ្ឋ​កិច្ច​ និង​​​ជា​អ្នក​គាំ​ទ្រ​ការ​ទូត​របស់​លោក​។

ចិន ​និង​អាមេរិក​សង្ឃឹម​ថា ​នឹង​ឃើញ​ឧប​ទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយ​ក្លេ​អ៊ែរ ​ប៉ុន្តែ​ក្រុង​ប៉េកាំង​ ព្រួយ​បារម្ភ​ថា​ក្រុង​វ៉ាស៊ីន​តោន​ និង​ក្រុង​ព្យុង​យ៉ាង​ ប្រហែល​ជា​ធ្វើ​ដើម្បី​ផល​ប្រយោជន៍​របស់​ពួក​គេ ជា​លទ្ធ​ភាព​មួយ​ ដែល​ចិន​មើល​ឃើញ​ថា​ ជា​ការ​គំរាម​កំហែង​ដល់​សេដ្ឋ​កិច្ច​របស់​ខ្លួន ​និង​​​ផល​ប្រយោជន៍​សន្តិ​សុខ​ក្នុង​តំបន់​៕ PSA