រដ្ឋាភិបាលចិនបានកាត់ទោសប្រហារជីវិតអតីតមន្ត្រីរដ្ឋាភិបាលអ៊ុយហ្គ័រ ២ រូបនៅស៊ីនជាំងពីបទ «អនុវត្តសកម្មភាពបំបែកប្រទេស» ខណៈក្រុងប៉េកាំង កំពុងទទួលរងទណ្ឌកម្មពីសំណាក់ប្រទេសនានាទាក់ទិននឹងបញ្ហាក្រុមជនជាតិភាគតិចនៅក្នុងតំបន់នេះ។
សេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅលើគេហទំព័ររបស់រដ្ឋាភិបាលស៊ីនជាំងបានឱ្យដឹងថា លោក Shirzat Bawudun អតីតប្រធានមន្ទីរយុត្តិធម៌ស៊ីនជាំង ត្រូវបានកាត់ទោសប្រហារជីវិតពីបទ «អនុវត្តសកម្មភាពបំបែកប្រទេស» ហើយនឹងត្រូវអនុវត្តទោសក្នុងកំឡុងពេល ២ ឆ្នាំ។
ដោយឡែកមេដឹកនាំម្នាក់ទៀត ដែលនឹងត្រូវកាត់ទោសប្រហារជីវិតលើករណីដូចគ្នា និងបន្ថែមករណីទទួលសំណូកផងដែរ គឺលោក Sattar Sawut អតីតប្រធានមន្ទីរអប់រំស៊ីនជាំង និងជាអតីតប្រធានក្រុមឈានមុខគេក្នុងតំបន់ស្តីពីកំណែទម្រង់កម្មវិធីសិក្សាមូលដ្ឋាន។
ប្រភពដដែលបានបន្តថា មន្ត្រីទាំង ២ បានដាក់បញ្ចូលកម្មវិធីសិក្សាស្ដីអំពីការរើសអើងជនជាតិភាគតិចអំពើហិង្សាអំពើភេរវកម្ម និងមាតិកាជ្រុលនិយមខាងសាសនាមួយចំនួនចូលទៅក្នុងសៀវភៅពុម្ព។
លោក Wang Langtao អនុប្រធានតុលាការជាន់ខ្ពស់ប្រជាជនតំបន់ស៊ីនជាំងបានឱ្យដឹងថា សៀវភៅទាំងនេះ ត្រូវបានប្រើប្រាស់អស់រយៈពេល ១៣ ឆ្នាំមកហើយ។ វាបានបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ។
គួរបញ្ជាក់ផងដែរថា លោក Sawut ត្រូវបានគេរកឃើញថា ប្រព្រឹត្តបទឧក្រិដ្ឋទាំងនេះ ប៉ុន្តែលោកមិនបានប្តឹងឧទ្ធរណ៍ ដើម្បីប្រឆាំងនឹងសាលក្រមនោះទេ។ តុលាការបានរកឃើញថា លោក Sawut បានទាញយកអត្ថប្រយោជន៍ពីការចងក្រង និងបោះពុម្ពសៀវភៅសិក្សាភាសាសម្រាប់សាលាបឋម និងមធ្យមសិក្សា ដោយបញ្ចូលនូវខ្លឹមសារ «បំបែកប្រទេស» តាំងពីឆ្នាំ ២០០២ មក។
ការស៊ើបអង្កេតក៏បានរកឃើញថា មានឯកសារចំនួន ៨៤ ច្បាប់ បានបញ្ចូលខ្លឹមសារអប់រំស្ដីអំពីការរើសអើងជនជាតិភាគតិច អំពើហិង្សាភេរវកម្ម និងភាពជ្រុលនិយមសាសនានៅក្នុងសៀវភៅសិក្សាឆ្នាំចន្លោះពីឆ្នាំ ២០០៣ និង ២០០៩។
ក្រោមឥទិ្ធពលនៃខ្លឹមសារសៀវភៅមនុស្សជាច្រើនបានចូលរួមការវាយប្រហារភេរវកម្មនៅ Urumqi នៅថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០០៩ និងថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៤ និងខ្លះទៀតក្លាយជាសមាជិកសំខាន់នៃក្រុមបំបែកខ្លួនដែលដឹកនាំដោយអតីតគ្រូបង្រៀនមហាវិទ្យាល័យ Ilham Tohti។
បន្ថែមពីនេះ តុលាការក៏បាននិយាយថា លោក Sawut បានឆ្លៀតឱកាសទទួលយកសំណូកដែលមានតម្លៃ ២,៣ លានដុល្លារផងដែរ។
ដោយឡែកចំពោះលោក Bawudun អតីតមន្ត្រីរដ្ឋាភិបាលបានឃុបឃិតជាមួយអង្គការភេរវករ ហើយបានធ្វើសកម្មភាពផ្តាច់ខ្លួន ដោយប្រើប្រាស់តំណែងរបស់ខ្លួនជាការលាក់បាំង។ លោក Bawudun ធ្លាប់ជាអតីតប្រធានការិយាល័យសន្តិសុខសាធារណៈនៃតំបន់ Moyu County នៃ Hotan និង ជាអតីតប្រធាននាយកដ្ឋានយុត្តិធម៌តំបន់ស៊ីនជាំង។
តុលាការបានរកឃើញថា លោក Bawudun បានឃុបឃិតជាមួយចលនាអ៊ិស្លាមតួកគីខាងកើត (ETIM) ដែលជាក្រុមភេរវករស្ថិតក្នុងបញ្ជីរបស់អង្គការសហប្រជាជាតិ និងបានផ្តល់ជំនួយដល់ក្រុមបំបែកខ្លួន និងក្រុមជ្រុលនិយមសាសនាក៏ដូចជាបានសហការជាមួយកងកម្លាំងបំបែកខ្លួននៅបរទេសផងដែរ។
គួររំឭកផងដែរថា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន បានចេញរបាយការណ៍ និងបទអត្ថាធិប្បាយជាច្រើនថ្កោលទោសក្រុមហ៊ុនបរទេស ស្ដីអំពីបញ្ហារំលោភកម្លាំងពលកម្មកប្បាសនៅស៊ីនជាំង។ ទីក្រុងប៉េកាំង ថ្កោលទោសប្រឆាំងនឹងអ្នកសិក្សា និងបណ្តាញសារព័ត៌មាននៅបរទេសណា ដែលរិះគន់គោលនយោបាយស៊ីនជាំងរបស់ខ្លួនផងដែរ៕